វិធីធ្វើឱ្យការប្រជុំតាមប្រព័ន្ធអនឡាញ ដូចនឹងការប្រជុំផ្ទាល់

បច្ចេកវិទ្យាទំនើបបានផ្លាស់ប្តូររបៀបរបបនៃការរស់នៅ និងការងាររបស់មនុស្ស។ ទន្ទឹមនឹងនេះ កំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតយ៉ាងសាហាវនៃវីរុសកូវីដ១៩ ស្ថាប័នជាច្រើនបានធ្វើការកែសម្រួលរបៀបនៃការធ្វើការ និងបានពាំនាំនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេ។ អាស្រ័យហេតុនេះ ទើបកម្មវិធីសម្រាប់ការប្រជុំតាមប្រព័ន្ធអនឡាញ ឬបែបនិម្មិតត្រូវបានដាក់ឲ្យប្រើប្រាស់ និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។ ប៉ុន្តែ មនុស្សមួយចំនួនអាចនឹងមានកង្វល់ថា ការប្រជុំតាមអនឡាញអាចនឹងមិនសូវមានប្រសិទ្ធិភាព ដូចការប្រជុំពិតប្រាកដ។

តើយើងត្រូវធ្វើបែបណា ដើម្បីឲ្យការប្រជុំតាមប្រព័ន្ធអនឡាញ ឬការប្រជុំដោយមិនជួបគ្នាផ្ទាល់ មានប្រសិទ្ធិភាពដូចនឹងការប្រជុំជួបគ្នាដោយផ្ទាល់?

  • បង្កឲ្យមានលក្ខណៈបុគ្គល (Make it personal) ៖ នៅពេលដែលមានសមាជិកក្នុងអង្គប្រជុំមានសភាពស្ងៀមស្ងាត់ គប្បីហៅឈ្មោះបុគ្គលនោះដើម្បីឲ្យឆ្លើយតប ផ្តល់ជាយោបល់ ឬចែករំលែកអ្វីមួយ។
  • បង្កើតជាសកម្មភាព (Call to action) ៖ ក្នុងករណីដែល «ការបង្កលក្ខណៈបុគ្គល» មិនមានប្រសិទ្ធិភាព គប្បីបង្កើតជាសកម្មភាពពាក់ព័ន្ធនឹងប្រធានបទដល់អង្គប្រជុំ។ ឧទាហរណ៍៖ លើកយកបញ្ហាណាមួយ ហើយពិភាក្សាដើម្បីស្វែងរកដំណោះស្រាយរួម។
  • ការប្រជុំបែបនិម្មិតគួរតែអាចមើលឃើញទៅវិញទៅមក (Virtual needs to be visual) ៖ ការប្រជុំត្រូវតែធានាឲ្យបានថា អ្នកចូលរួមប្រជុំត្រូវចូលរួមវេទិកាប្រជុំនេះទាន់ពេលវេលា ហើយអាចឃើញពីវត្តមានរបស់ពួកគេ។ រយៈពេលដ៏ល្អបំផុតសម្រាប់ការបើកអង្គប្រជុំ ត្រូវដំណើរការ ១៥នាទីមុន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។
  • ការរក្សាទំនាក់ទំនង (Communication) ៖ ទោះបីជាការប្រជុំនេះប្រព្រឹត្តទៅដោយនិម្មិតក៏ដោយ អង្គប្រជុំត្រូវតែរក្សាទំនាក់ទំនងឲ្យបាន ដើម្បីធ្វើបច្ចុប្បន្នភាពអំពីកិច្ចការទាំងនោះ និងធានាឲ្យកិច្ចការអាចសម្រេចបាន។
  • បង្កើតច្បាប់មូលដ្ឋាន (Ground Rules) ៖ ការប្រជុំត្រូវមានបទបញ្ញត្តិដើម្បីអនុវត្ត និងធានាឲ្យមានវិន័យល្អ និងប្រសិទ្ធិភាព។ ក្នុងករណីដែលអង្គប្រជុំណាដែលប្រាសចាកនឹងបទបញ្ញត្តិ បុគ្គលនោះអាចប្រឈមនឹងភាពមិនប្រក្រតីមួយចំនួន ដូចជាទណ្ឌកម្មទៅលើថ្លៃឈ្នួល ។ល។

ប្រភព៖ Auditorium

ប្រែសម្រួលដោយ៖ ឆេង ភត្រា