វិធីសាស្រ្តទាំង១៤យ៉ាង ដែលអាចធ្វើឲ្យអ្នកគ្រប់គ្រងកំហឹងបានយ៉ាងល្អ

កំហឹងគឺជាអារម្មណ៍មួយ ​ ដែលកើតឡើងចំពោះមនុស្សគ្រប់វ័យ មិនថាមនុស្សចាស់ ក្មេង ស្រី ឬប្រុសនោះឡើយ។ ជាទូទៅ ប្រសិនបើកំហឹងកើតឡើងចំពោះអ្នក វាអាចនាំឲ្យអ្នកមានបញ្ហា ឬជួបនឹងមហន្តរាយណាមួយដែលនឹកស្មានមិនដល់ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវា។ ការគ្រប់គ្រងកំហឹង គឺជារឿងសំខាន់ខ្លាំងណាស់ ដូច្នេះមុនពេលកំហឹងកើនឡើងកាន់តែខ្លាំង ចូរអ្នកប្រើប្រាស់យុទ្ធសាស្ត្រជាក់លាក់សម្រាប់គ្រប់គ្រងវា។

ថ្ងៃនេះ យើងសូមណែនាំអំពីយុទ្ធសាស្រ្តចំនួន ១៤ យ៉ាងដែលអ្នកអាចគ្រប់គ្រងកំហឹងរបស់អ្នកបានយ៉ាងល្អ។​

 ១.ការរាប់ថយក្រោយ

ប្រសិនបើអ្នកខឹងខ្លាំង ចូរសាកល្បង រាប់លេខពី១០០មក០ ព្រោះនៅពេលកំហឹងអ្នកកើនខ្លាំង បើអ្នករាប់លេខថយក្រោយ កំហឹងរបស់អ្នកអាចថយចុះតាមលេខបាន។ នៅពេលដែលអ្នករាប់លេខ អត្រាចង្វាក់បេះដូងរបស់អ្នកនឹងថយចុះ ហើយកំហឹងរបស់អ្នកនឹងធ្លាក់ចុះដូចគ្នា។

 ២. ការដកដង្ហើមមួយៗ ហើយវែងៗ

នៅពេលអ្នកមិនទាន់ខឹង ការដកដង្ហើមរបស់អ្នកយឺតៗធម្មតា ប៉ុន្តែ​នៅពេលអ្នកខឹង ការដកដង្ហើមនឹងមានល្បឿនកាន់តែលឿន។ ចូរដកដង្ហើមចូលឲ្យវែងៗ និងដកចេញមកវិញឲ្យវែងៗដូចគ្នា។    ម្យ៉ាងទៀត​ អ្នកអាចដកដង្ហើមចូលឲ្យជ្រៅ បន្ទាប់មកចំហមាត់របស់អ្នកដើម្បីបញ្ចេញខ្យល់។ យ៉ាងម៉េចដែរ មានអារម្មណ៍ថា​ប្លែក​ដែរទេ?

៣. ដើរកម្សាន្ត

ការធ្វើលំហាត់ប្រាណអាចជួយធ្វើឱ្យសរសៃប្រសាទរបស់អ្នកស្ងប់ និងកាត់បន្ថយកំហឹង។ អ្នកអាចជិះកង់ ដើរកំសាន្ត ឬអង្គុយមើលទេសភាព (អ្នកអាចមើលចលនារង្គើររបស់​ដើមឈើ​ ឬស្លឹករបស់វា និងផ្តោតអារម្មណ៍ទៅលើវា) ​នៅជុំវិញខ្លួនរបស់អ្នក​ វាអាចជួយអ្នកឲ្យប្រសើរឡើង។

 ៤. រកកន្លែងណាដែលមានវាលធំ ឬខ្ពស់

អ្នកអាចស្វែងរកកន្លែងណាដែលមានវាលធំ ឬទីកន្លែងខ្ពស់​ តែមិនមែនឲ្យអ្នកលោតសម្លាប់ខ្លួននោះទេ តែអ្នកត្រូវព្យាយាមស្រែកចេញឲ្យអស់ពីកំហឹងតាមតែអាចធ្វើទៅបាន វាអាចធ្វើឲ្យអ្នកប្រសើរឡើងបាន។

 ៥. សួរ​ និងឆ្លើយខ្លួនឯង

អ្នកត្រូវរកពាក្យណាដែលអាចជួយអ្នកបាន ឬអ្នកអាចនិយាយបន្លប់ខ្លួនឯង ដោយសួរ​ និងឆ្លើយពាក្យនោះម្តងហើយម្តងទៀតចំពោះខ្លួនអ្នក នៅពេលអ្នកតូចចិត្តនឹងរឿងអ្វីមួយ។​ តោះ! សាកល្បង​ទាំង​អស់​គ្នា​

“បន្ធូរអារម្មណ៍​ អ្នកពិតជាមិនអីទេ អ្នកជាមនុស្សដ៏រឹងមាំ​ អ្នកពិតជាអាចធ្វើបាន” បន្ទាប់មកអ្នកអាចដកដង្ហើមចេញចូល ដូចវិធីសាស្រ្តទី2 ។

 ៦. រត់គេចខ្លួនដោយភាពឆ្លាតវៃ

រត់ចូលក្នុងបន្ទប់ស្ងាត់​ និងបិទភ្នែករបស់អ្នក ហើយស្រមៃថា អ្នកកំពុងស្ថិតនៅក្នុងកន្លែងសម្រាកលំហែកាយ។  ផ្តោតអារម្មណ៍ទៅលើសម្លេង ឬរូបភាពនៅក្នុងការស្រមើស្រមៃ៖ តើទឹកមានពណ៌អ្វី?  តើភ្នំមានកម្ពស់ប៉ុន្មាន?  តើសត្វបក្សីស្រែកដូចជាអ្វី?  ការអនុវត្តនេះអាចជួយឱ្យអ្នកមានភាពស្ងប់ស្ងាត់ ស្របពេលអ្នកមានកំហឹង។

 ៧.ការស្តាប់តន្រ្តី

ទុកឱ្យតន្ត្រីនាំអារម្មណ៍របស់អ្នកចេញពីខ្លួនរបស់អ្នក។  អ្នកអាចស្តាប់ចម្រៀងសម័យ ឬចម្រៀងបុរាណតាមចំណង់ចំណូលចិត្ត។ ជម្រើសមួយទៀត អ្នកអាចស្តាប់តន្រ្តីPop ហើយរាំ និងស្រែកច្រៀងចេញឲ្យអស់ តាមកំហឹងរបស់អ្នក(អ្នកអាចរកកន្លែងណាស្ងាត់ មិនសូវមានមនុស្ស)​​។

 ៨.ឈប់និយាយ

ការនិយាយនៅពេលដែលអ្នកខឹង អាចបង្កកំហុសដល់អ្នកកាន់តែច្រើន។ ការនៅស្ងៀម មិននិយាយអ្វីសោះ នឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក ដើម្បីប្រមូលគំនិតរបស់អ្នក ​និងចាប់ផ្តើមពិចារណា។

 ៩. នៅឲ្យឆ្ងាយពីអ្នកទៃក្នុងរយ:ពេលខ្លីល្មម

ផ្តល់ឱកាសឱ្យខ្លួនអ្នកបានសម្រាក។ អង្គុយឱ្យឆ្ងាយពីអ្នកដទៃ។  នៅក្នុងពេលវេលាដ៏ស្ងប់ស្ងាត់នេះ អ្នកអាចដំណើរការរំងាប់អារម្មណ៍របស់អ្នកឱ្យមករកសភាពដើមវិញ។  អ្នកក៏អាចដឹងថាពេលវេលាដែលនៅឆ្ងាយពីអ្នកដទៃ​គឺជាពេលវេលាដ៏ល្អបំផុតនៅពេលខឹង។

១០.សរសេរអារម្មណ៍របស់អ្នកទាំងអស់នៅក្នុងសៀវភៅកំណត់ហេតុ

អ្វីដែលអ្នកមិនអាចនិយាយបាន ប្រហែលជាអ្នកអាចសរសេរក្នុងសៀវភៅប្រចាំខ្លួនដ៏តូចមួយរបស់អ្នក។  អ្នកបញ្ចូលអំពីអារម្មណ៍ដែលអ្នកកំពុងមាន និងរបៀបដែលអ្នកចង់ឆ្លើយតបទៅវិញ ចូលឲ្យអស់។  តាមរយៈការសរសេរ ក៏អាចជួយអ្នកឱ្យស្ងប់ស្ងាត់បានដែរ។

១១.  និយាយជាមួយមិត្តភក្តិ

កុំ​រវល់តែនៅជាមួយរឿងដែលអ្នកកំពុងខឹង។  ជួយឲ្យខ្លួនអ្នកប្រសើរឡើង នូវអ្វីដែលបានកើតឡើងដោយការនិយាយជាមួយមិត្តដែលអ្នកទុកចិត្ត​បំផុត​ មិត្តភក្តិដែលអាចផ្តល់នូវគំនិតថ្មីៗដល់អ្នក។

 ១២. សើច

ព្យាយាមរកនឹកអ្វីដែលកំប្លែង ហើយសើចចេញឲ្យអស់ កុំខ្លាចគេថាអ្នកសតិមិនគ្រប់ ឬវិកលចរិកនោះ។

 ១៣. ផ្តល់ពេលវេលាឲ្យខ្លួនឯងដើម្បីពិចារណា

រឿងដំបូងដែលអ្នកគួរចងចាំ ពេលខឹង មិនមែនជាពេលដែលអ្នកគួរនិយាយនោះទេ។  ផ្តល់ពេលវេលាឱ្យខ្លួនឯងឱ្យបានគ្រប់គ្រាន់ មុនពេលនឹងចាប់ផ្ដើមនិយាយបន្ត។  ពេលវេលានេះនឹងជួយឱ្យអ្នកមានភាពស្ងប់ស្ងាត់និងមានភាពច្បាស់លាស់ជាងមុន។

 ១៤. ប្រើកំហឹងឲ្យមានប្រយោជន៍

ចូរប្រើពេលវេលាដែលអ្នកកំពុងខឹងឲ្យក្លាយជាពេលដ៏មានប្រយោជន៍។ សាករៀនស្វែងយល់អំពីភាពអវិជ្ជមាន ដែលបណ្តាលមកពីកំហឹង ហើយសរសេរជាគំនិតល្អៗ សម្រាប់លើកទឹកចិត្តខ្លួនឯង នៅពេលខឹងលើកក្រោយទៀត ឬសម្រាប់អ្នកដទៃ។ ម្យ៉ាងទៀត​អ្នកក៏អាចសរសេរកំណាព្យ​​ ដើម្បីបន្ធូរអារម្មណ៍ផងដែរ។

កំហឹង គឺជាអារម្មណ៍ទូទៅ ដែលមនុស្សគ្រប់គ្នាជួបប្រទះពីមួយពេលទៅមួយពេល។  ទោះជា​យ៉ាងណាក៏ដោយប្រសិនបើអ្នកមើលឃើញថាកំហឹងរបស់អ្នកគ្របដណ្តប់ពេញចិត្តគំនិត អ្នកត្រូវស្វែងរកវិធីដែលល្អដើម្បីទប់ទល់នឹងកំហឹង។ 

រៀបរៀង​ដោយ​៖ លក់តុងអេង (ទឹកភ្លៀង)