៦ចំនុច នៃភាពជាប្រជាពលរដ្ឋល្អ សម្រាប់សង្គមជាតិមួយ

ពួកចៃសង្គម…ពួកឈ្លើងសង្គម…រស់នៅនាំតែធ្ងន់ផែនដី (ប្រទេស) អាចជាអ្វីដែលគេសំដៅទៅរកប្រជាពលរដ្ឋណាដែលមិនបានដើរតួជាប្រជាពលរដ្ឋល្អ ឬជាប្រជាពលរដ្ឋដែលនាំបញ្ហាដល់សង្គមជាតិ។ ក្នុងនាមជាកោសិកា សង្គម និងជាឆ្អឹងខ្នងនៃប្រទេសជាតិ ប្រជាពលរដ្ឋគ្រប់គប្បីប្រតិបត្តិ ៦ចំនុចដូចខាងក្រោម៖

១. គោរពច្បាប់៖ ច្បាប់គឺជាវត្ថុកំពូលដែលមនុស្សគ្រប់គ្នាត្រូវគោរពតាម។ ដូចនេះប្រជាពលរដ្ឋល្អ ត្រូវយកច្បាប់ជាធំ មិនមែនបុគ្គលណាម្នាក់ជាធំឡើយ ទោះបីបុគ្គលនោះជាអ្វីក៏ដោយ។ ច្បាប់ធ្វើឲ្យមនុស្សមានសីលធម៌ គុណធម៌ និងដឹងអ្វីខុសអ្វីត្រូវ។ ទោះបីក្នុងសង្គមគ្រួសារក្តី ក្នុងសាលារៀនក្តី ឬក្នុងក្រុមហ៊ុនក្តី បុគ្គលគ្រប់រូបត្រូវគោរព អនុវត្តន៍តាមអ្វីដែលមានចែងនោះ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ អង្គភាពមានគោលការណ៍។

២. គោរព យោគយល់ និងជួយអ្នកដទៃ៖ ដើម្បីធ្វើឲ្យរាងកាយរឹងមាំ លុះត្រាតែកោសិកាក្នុងខ្លួនទាំងអស់រឹងមាំដូចគ្នា ដូចគ្នានឹងសង្គមមួយរឹងមាំក៏ត្រូវការប្រជាជនរឹងមាំដែរ។ វប្បធម៌ និងសកម្មភាពនៃការចេះគោរព និងជួយអ្នកដទៃ អាចធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបអាចរឹងមាំដូចយើងដែរ។ ការចែករំលែក ឬការជួយតាមលទ្ធភាពដែលយើងអាចធ្វើបាន តាមអ្វីដែលយើងមាន។ លើសពីនេះ យើងត្រូវតែជាយោគយល់ អធ្យាស្រ័យឲ្យគ្នា ដើម្បីជៀសវាងនូវជម្លោះគ្រប់រូបភាព។

៣. លះបង់ និងការស្ម័គ្រចិត្ត៖ ប្រជាជនគ្រប់រូបគួរតែស្ម័គ្រចិត្តក្នុងកិច្ចការសង្គមទាំងឡាយ។ មិនត្រូវគិតថា ទាល់តែការងារនោះមានប្រយោជន៍ទើបធ្វើនោះទេ។ លើសពី ដ៏ដំណាក់កាលណាមួយ យើងទាំងអស់គ្នា ក៏ប្រហែលជាត្រូវហ៊ានលះបង់របស់គ្រប់យ៉ាងទៀតផង។ ដោយសារអ្នកបានរស់នៅក្នុងប្រទេសជាតិមួយ ដូចនេះ លោកអ្នកក៏គួរតែស្ម័គ្រចិត្ត និងអាចឈានទៅរកការលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិនោះ។

៤. បំពេញកិច្ចការដែលខ្លួនកំពុងធ្វើឲ្យបានល្អបំផុត៖ ធ្វើកិច្ចការដែលខ្លួនកំពុងធ្វើឲ្យបានប្រសើរ គឺជាការជួយ សង្គមជាតិដ៏ធំធេងហើយ។ ទោះបីអ្នកកំពុងបំពេញកិច្ចការ ជាមន្រ្តីរាជការ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ជាកម្មករ ពលករក៏ដោយ សូមធ្វើកិច្ចការនោះឲ្យបានល្អបំផុត ជាមួយភាពស្មោះត្រង់ ស្រលាញ់ និងទំនួលខុសត្រូវខ្ពស់បំផុត។ លើសពីនេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែព្យាយាមអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងដែល ពាក់ព័ន្ធនឹងកិច្ចការរបស់យើងនោះឲ្យបានប្រសើរបំផុត។

៥. មិនរួមដៃ ឬសហការជាមួយសត្រូវ៖ បុគ្គលទាំងឡាយ ឬប្រទេសទាំងឡាយដែលមានបំណងអាក្រក់ ឬប្រព្រឹត្តិសកម្មភាពអាក្រក់ដល់សង្គមជាតិរបស់យើង បុគ្គលនោះហើយគឺជាសត្រូវ។ ការមិនចូលរួមបំផ្លាញជាតិ ឬការមិនចូលដៃសហការជាមួយពួកបំផ្លាញជាតិ គឺជាការជួយជាតិដ៏ធំធេងបំផុតហើយ។ អ្នកសារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិចមួយរូប ឈ្មោះ អេដវ៉ាត ម៊ូរូវ បានលើកឡើងថា “គ្មាននរណាម្នាក់អាចគំរាមកំហែងដល់ប្រទេសជាតិទាំងមូលបានទេ លុះត្រា​តែ​យើងទាំងអស់គ្នាសមគំនិតជាមួយគេ”។ មានប្រជាពលរដ្ឋមួយចំនួន​ មិនបានទាំងដឹងថា ខ្លួនកំពុងជួយសត្រូវក្នុងការបំផ្លាញប្រទេសជាតិរបស់ខ្លួន។

៦. ចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន៖ ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដែលមានន័យថាយក “ប្រជាជនជាធំ” ដូចនេះប្រជាជនគ្រប់រូបត្រូវចេះប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដើម្បីកំណត់ជោគវាសនារបស់ ប្រទេសជាតិ។ តាមរយៈការបោះឆ្នោត យើងត្រូវចេះសុភវិនិច្ឆ័យ ក្នុងការជ្រើសរើសមេដឹកនាំណាដែលអាចជួយ ជាតិឲ្យរីកចម្រើនពិតប្រាកដ។ តាមពិតទៅ “អ្នកនយោបាយ” តែងតែបង្កើតកំហុស ហើយរឿងតែមួយគត់ដែល ប្រជាជនត្រូវធ្វើ គឺជ្រើសរើសអ្នកនយោបាយណាដែលប្រព្រឹត្តិខុសតិចបំផុត ឬខុសតិចជាគេ។ នៅពេលដែលប្រជាពលរដ្ឋចាប់ផ្តើមយល់អំពីសិទ្ធិអំណាចរបស់ខ្លួនហើយ នោះអ្នកដឹកនាំ (អ្នកនយោបាយ) នឹងស្គាល់ពីតួនាទី ខ្លួនដូចគ្នាដែរ៕

ដោយ៖ ស សុធន

គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)