ស្វែងយល់អំពី «ទំនាក់ទំនងរវាងចិននិងទ្វីបអាហ្វ្រិក»

កាលណានិយាយអំពីទំនាក់ទំនងរវាងចិននិងអាហ្វ្រិក គេត្រូវនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច យោធា សង្គម និងវប្បធម៌ រវាងប្រទេសចិននិងបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ យើងខ្ញុំសូមមិនបង្ហាញលម្អិតរបស់អំពីចំណុចទាំងអស់នេះនោះទេ គ្រាន់តែ​សង្ខេបប៉ុណ្ណោះ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានចាប់ផ្តើមពីយូរ​លង់ណាមកហើយ ពិសេសជុំវិញទំនាក់ទំនងវិស័យជំនួញ។ ចាប់ផ្តើមពី​អ្នកប្រាជ្ញម៉ារ៉ុកម្នាក់ឈ្មោះ Ibn Battuta និងអ្នកប្រាជ្ញជាតិសូម៉ាលី បានទៅទស្សនកិច្ចដំបូងនៅប្រទេសចិន​កាលពីសតវត្សរ៍ទី១៤។ ក្រោយមកនៅ​សតវត្សរ៍ទី១៥ ឧត្តមសេនីយ៍កងទ័ពជើងទឹកចិនម្នាក់ឈ្មោះ Zheng He ក្នុងរាជវង្សម៉េង បានធ្វើដំណើរជុំ​វិញឆ្នេរសមុទ្រសូម៉ាលីនិងតំបន់ជាច្រើនទៀត​ក្នុងទ្វីបអាហ្វ្រិក។

កិច្ចប្រជុំកំពូលចិនអាហ្វ្រិក ឆ្នាំ២០១៨ ដែលធ្វើឡើងនៅក្រុងប៉េកាំង ប្រទេសចិន

សម្រាប់ទំនងទំនងនយោបាយនិងសេដ្ឋកិច្ចសម័យថ្មីវិញ បានចាប់​ផ្តើមពីរដ្ឋបាលលោក ម៉ៅ សេទុង ដែលជាមេដឹកនាំចិនដំបូងនៃសាធារណរដ្ឋ​ប្រជាមានិតចិន។ ចាប់ពីដើមសតវត្សរ៍ទី២១មក ប្រទេសចិន​បានបង្កើនទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើងជាមួយទ្វីបអាហ្រ្វិក។ ទំនាក់ទំនង​ពាណិជ្ជកម្មចិនអាហ្វ្រិកបានកើនឡើង៧០០ភាគរយក្នុងទសវត្សរ៍ឆ្នាំ៩០ ហើយបច្ចុប្បន្ន ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក។

ចិននិងអាហ្វ្រិក ក៏បានបង្កើតនូវកិច្ចប្រជុំកំពូល៣ឆ្នាំម្តង ដែលបាន​ចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម្ល៉េះ។ កិច្ចប្រជុំកំពូលនេះមានឈ្មោះថា “វេទិកា​សហប្រតិបត្តិការចិនអាហ្វ្រិក” ឬភាសាអង់គ្លេស Forum on China-African Cooperation (FOCAC)។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងចិននិង​អាហ្វ្រិក បានធ្វើឱ្យលោកខាងលិច ពិសេសអាម៉េរិក អង់គ្លេស និងបារាំង បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពិសេសទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធា​ ដ្បិតប្រទេសអាហ្វ្រិកសម្បូរធនធាន ប៉ុន្តែនៅមានរបបគ្រប់គ្រងប្រទេសមិនទាន់ល្អ។

មានការប៉ាន់ប្រមាណថា ប្រជាជនចិនប្រហែល១លាននាក់​កំពុងរស់នៅនិងរកស៊ីនៅអាហ្រ្វិក ស្របពេលដែលជនជាតិអាហ្វ្រិកប្រមាណ២សែន​នាក់កំពុងធ្វើការនៅចិន។ គិតត្រឹមឆ្នាំ២០១៩ មានតែប្រទេសស្វាស៊ីឡង់មួយគត់ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលតៃវ៉ាន់៕

ដកស្រង់ពីសៀវភៅ៖ ១០១អំពីប្រទេសចិន (ដោយ៖ ឈុំ សីហា)

សៀវភៅ «១០១អំពីប្រទេសចិន» ដែលបានបោះពុម្ពផ្សាយហើយ!