ហេតុអ្វី «សត្វដំរីដ៏ធំត្រូវចងជាប់ដោយខ្សែតូច» ទៅវិញ?

ដំរី គឺជាសត្វដែលមានមាឌធំ កម្លាំងខ្លាំងក្លាណាស់ ប៉ុន្តែពេលខ្លះយើងឃើញ សត្វនេះបែរជាត្រូវចងជាប់ដោយខ្សែតូច ឬខ្សែដែលមិនហួសកម្លាំងរបស់វាឡើយ។

មានបុរសម្នាក់បានដើរក្បែរសត្វដំរីមួយក្បាលយ៉ាងធំ រួចក៏ឈប់បន្តិចដោយកើតឡើងជាចម្ងល់ថា ហេតុអ្វីបានជាសត្វដំរីនេះ មិនរើទៅណាដោយគ្រាន់តែជាប់ចំណងជាមួយខ្សែច្រវ៉ាក់ជាប់ជើងមុខតូចមួយបែបនេះ? មិនមែនច្រវ៉ាន់ធំឯណា! ហើយក៏គ្មានទ្រុងទៀត។ តាមពិតបើមើលមាឌ និងកំលាំងដ៏មហិមារបស់ដំរី មិនគួររើមិនរួចពីខ្សែច្រវ៉ាក់តូចមួយនេះ ប៉ុន្តែហេតុអ្វីបានជាវាធ្វើមិនបាន។

រំពេចនោះ បុរសម្នាក់នោះបានឃើញអ្នកបង្វឹកដំរីនៅក្បែរនោះ ហើយក៏ចោទសំណួរថា “ហេតុអ្វីបានជាសត្វដំរីមួយក្បាលនេះ បន្តឈរនៅទីនេះមិនព្រមចេញទៅណាអ៊ីចឹង?”។ អ្នកបង្អាត់ដំរីឆ្លើយ “ត្រឹមត្រូវហើយ! តាមពិតពេលវានៅតូច យើងបានចងវានឹងច្រវ៉ាក់តូចមួយនេះ។ វាព្យាយាមរើដែរ តែមិនរួចដោះសារកំលាំងនៅខ្សោយ។ ដល់ពេលវាធំឡើង វានៅបន្តគិតថាដដែលថា វាពិតជាមិនអាចរើពីច្រវ៉ាក់តូចនេះបានទេ។ ដោយសារវាគិតបែបនេះ ទើបវាមិនព្រមរើបែបនេះ។” ស្តាប់ការបកស្រាយរួចហើយ បុរសនោះក៏ភ្ញាក់ខ្លួនយ៉ាងខ្លាំង។ តាម​ពិតទៅ សត្វដំរីនេះអាចរើរួចគ្រប់ពេលវេលា ប៉ុន្តែដោយសារជំនឿថា វាមិនអាច ទើបបន្តធ្វើឲ្យខ្លួនវានៅជាប់ខ្លួនបែបនេះរហូត។

តើមានមនុស្សប៉ុន្មាននាក់ដែលមានការគិតដូចសត្វដំរីកំសត់មួយក្បាលនេះ ថាខ្លួនពិតជាមិនអាចធ្វើអ្វីបាន ក្រោយបរាជ័យលើកដំបូងម្តងហើយនោះ? បរាជ័យ គឺជាផ្នែកមួយនៃការសិក្សា ហើយយើងមិនត្រូវបោះបង់ការព្យាយាមក្នុងជីវិតនោះឡើយ៕

ដកស្រង់ពីសៀវភៅ «ទិនានជោគជ័យ»

រក្សាសិទ្ធិដោយ៖ ហាតប៊ុក

សៀវភៅ “និទានជោគជ័យ” របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក