លីកកំពូលកូរ៉េខាងត្បូង (K-League) ត្រូវមានកូតានាំកីឡាករពីអាស៊ាន

លីកបាល់ទាត់កំពូលរបស់ប្រទេសកូរ៉េខាងត្បូង (K League) បានប្រកាសពីផែនការក្នុងការតម្រូវ (កូតា) ឱ្យមានកីឡាករ​មកពីប្រទេសអាស៊ាន ក្នុងក្លិបរបស់ខ្លួន ចាប់ពីឆ្នាំ២០២០តទៅ។ ការសម្រេចនេះ មានន័យថា ក្លិបបាល់ទាត់ដែលលេងនៅលីកកំពូល​កូរ៉េទាំងពីរ (K. League Classic និង K. League Challenge) អាចចុះកិច្ចសន្យានាំយកកីឡាករបរទេស៥នាក់ ដែលបច្ចុប្បន្នមានត្រឹម៤នាក់ប៉ុណ្ណោះ។

ច្បាប់បច្ចុប្បន្ន គឺក្លិបនៅ K League អាចមានកីឡាករបរទេស៤រូប ដោយក្នុងនោះ៣រូបពីប្រទេសណាក៏បាន ហើយមួយរូបទៀតត្រូវតែជាកីឡាកររបស់ក្នុងប្រទេសសហព័ន្ធបាល់ទាត់អាស៊ី (AFC)។ ប៉ុន្តែចាប់ពីរដូវកាលក្រោយ (២០២០) ក្លិបអាច​មានកីឡាករបរទេស៥រូប ដោយមួយរូបត្រូវមកពីប្រទេសអាស៊ាន។ ការសម្រេចចិត្តនេះ គឺក្នុងបំណងពង្រីកឱកាសជំនួញផ្សព្វផ្សាយ​ឱ្យកាន់តែទំលំទូលាយ ពិសេសសម្រាប់ម្ចាស់ឧបត្ថម្ភ (Sponsor) ដែលអាចរកប្រាក់ចំណេញកាន់តែច្រើន ពោលគឺពង្រីកការ​ផ្សព្វផ្សាយដល់តំបន់អាស៊ាន។

កីឡាករ Nguyễn Công Phượng ដែលកំពុងលេងនៅក្លិប Incheon United

សូមបញ្ជាក់ថា បច្ចុប្បន្នមានកីឡាករពីតំបន់អាស៊ានម្នាក់គត់ ដែលកំពុងលេងនៅលីកកំពូលកូរ៉េ គឺកីឡាករវៀតណាម Nguyễn Công Phượng ដែលក្លិប Incheon United ខ្ចីជើងពីក្លិប Hoàng Anh Gia Lai។ ចាប់ពីរដូវកាលក្រោយ កីឡាករពីប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ពិតជាអាចមានឱកាសលេងនៅលីកកំពូល​របស់កូរ៉េខាងត្បូងជាមិនខាន៕

ប្រភព៖ kleagueunited.com