មូលហេតុសំខាន់៥ ដែលបាត់ដំបងមានអ្នកទេសចរច្រើនជាងគេក្នុងបុណ្យចូលឆ្នាំនេះ

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ដែលបានចុះផ្សាយព្រោងព្រាតតាមបណ្តាសារព័ត៌មានផ្សេងៗ «បាត់ដំបង» បានក្លាយជាខេត្តដែលមានចំនួនទេសចរច្រើនជាងគេបំផុតក្នុងថ្ងៃចូលឆ្នាំថ្មី គឺរហូតដល់ជិត៩០ម៉ឺននាក់។ ការគាំទ្រច្រើន​ជាងគេ​បំផុតសម្រាប់ទឹកដីទិសពាយព្យនេះ គឺអាចដោយសារមូលហេតុធំៗមួយចំនួន៖

១. ចំនួនប្រជាជនក្នុងខេត្តខ្លួន៖ ខេត្តនេះមានប្រជាជនប្រមាណជាង១លាននាក់។ អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាទូទៅប្រជាជនខ្មែរតែងតែទៅ​លេង​ស្រុកកំណើត ដូចនេះខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីភ្នំពេញនិងកណ្តាល ពិតជា​អាចមាន​ចំនួន​អ្នកទៅច្រើន។

២.​ កន្លែងកម្សាន្ត៖ ដែនដីកសិកម្មនេះ មានតំបន់ទាក់ទាញយ៉ាងច្រើនបំផុត ពិសេសគឺធម្មជាតិ។ ក្នុងរដូវចូលឆ្នាំខ្មែរ គឺមាន​អាកាស​ធាតុក្តៅខ្លាំង ហើយបាត់ដំបងមានកន្លែងកម្សាន្តលក្ខណៈទឹកច្រើនដូចជា សេកសក ជ្រលងបុព្វតា ចំលងគួយ ជាដើម។ ក្រៅពីនេះក៏មានតំបន់ទេសចរណ៍ជាច្រើនទាំងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត និងសិប្បនិមិត្ត ដូចជា ភ្នំសំពៅ ប្រាសាទឯកភ្នំ ប្រាសាទបាណន់ ជិះឡូរីឫស្សី ចំការ​ទំពាំង​បាយ​ជូរ សួនផ្កាជាច្រើនកន្លែង​។

៣. កន្លែងស្នាក់នៅនិងហូបចុក៖ ក្រៅពីល្បីល្បាញដោយសារក្រូចពោធិសាត់ និងណែមជាដើម អ្នកទេសចរអាចរក​បាន​ម្ហូបយ៉ាងងាយស្រួល និងមានរសជាតិឆ្ងាញ់ពិសារ។ ក្រៅពីនេះ បាត់ដំបងមានកន្លែងស្នាក់នៅយ៉ាងច្រើន មានតម្លៃ​សម​រម្យ ស្អាត និងមិនបាច់ដណ្តើមគ្នាគេង ឬដណ្តើមគ្នាញ៉ាំនោះទេ។ ជាទីក្រុងធំជាងគេមួយ បាត់ដំបងមានសណ្ឋាគារនិងផ្ទះសំណាក់រាប់រយ ដែលអ្នកទេសចរអាចរកបានដោយងាយស្រួលក្នុងតម្លៃសមរម្យបំផុត។

៤. គ្មានអង្គរសង្រ្កាន៖ ក្រោយអវត្តមានអង្គរសង្ក្រាន អ្នកទេសចរ ត្រូវបានកាត់បន្ថយខ្លះទៅខេត្តសៀមរាប។ បាត់ដំបង ក៏ជាខេត្តសំខាន់មួយដែលមានរៀបចំកម្មវិធីសង្ក្រានធំដែរដូចគ្នានឹងខេត្ត សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ក្រុងព្រះសីហនុ និងភ្នំពេញជាដើម។ បាត់ដំបង មានកម្មវិធីកម្សាន្ត នៅក្នុងវិទ្យាល័យនេយ៉ង់ ជិតរង្វង់មូលតាដំបងក្រញូង ដែលមានកមម្មវិធីជាច្រើន មានបង្ហាញ ផ្លែក្រូចយក្ស ម្នាស់យក្ស ពោតយក្ស និងស្តង់បង្ហាញនិងលក់ទំនិញជាច្រើន។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ខេត្តបាត់ដំបង ក៏បានរៀបចំកម្មវិធីសង្រ្កាន្តប្រកបដោយភាព​ជោគជ័យ​ផងដែរ។

៥. ភូមិសាស្រ្ត៖ អ្នកដែលធ្វើដំណើរជាមួយរថយន្តលក្ខណៈគ្រួសារ អាចធ្វើដំណើរជុំវិញខេត្តជាប់បឹងទន្លេសាប។ ពួកគេអាចធ្វើដំណើរទៅសៀមរាប បន្ទាយមានជ័យ ប៉ោយប៉ែត ប៉ៃលិន និងបាត់ដំបង រួចត្រលប់មកភ្នំពេញតាម​ខេត្តពោធិសាត់ កំពង់ឆ្នាំងវិញ។ ម្យ៉ាងទៀត ពួកគេអាចជិះទៅលេងបាត់ដំបង រួចហួសទៅប៉ៃលិន ឬបន្ទាយមានជ័យ បន្តទៅសៀមរាប។ ដំណើរវិលជុំវិញ ក៏អាចទាក់ទាញភ្ញៀវទេសចរលក្ខណៈគ្រួសារមិនតិចឡើយ ដ្បិតផ្លូវធ្វើដំណើរ​ងាយស្រួលបំផុត៕

© រក្សាសិទ្ធិដោយ៖ ហាតប៊ុក

សៀវភៅ «កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១ និងភាគ២»