ប្រវត្តិសាស្រ្តចិន «នគរទាំង៣ ឬសាមកុក» ជាអ្វី?

អ្នកនិយមទស្សនាភាពយន្តប្រវត្តិសាស្រ្តចិន ប្រហែលជាបានជក់ចិត្តជាមួយខ្សែ​ភាព​យន្តចិនបុរាណរឿងនគរទាំងបីឬសាមកុក។ សម័យកាលនគរបីមានរយៈពេលប្រមាណតែ៦០ឆ្នាំប៉ុណ្ណោះ គឺពីឆ្នាំ២២០ដល់២៨០នៃ   គ.ស ដែលជាសម័យកាលនៃការបែង​ចែកនគរចំនួនបីផ្សេងគ្នា គឺនគរវៃ (Wei) ស៊ូ (Shu) និងអ៊ូ (Wu)។ វាចាប់ផ្តើមនៅចុងរជ្ជកាលរាជវង្សហាន (Han Dynasty) និងបន្តដល់រាជវង្សជីន (Jin Dynasty)។ តាមពិតទៅនគរទាំងបីមិនមែន​គ្រប់គ្រង​ដោយ​ព្រះ​មហាក្ស​ត្រនោះទេ ប៉ុន្តែ​ត្រូវបានគ្រប់គ្រងដោយស្តេចត្រាញ់ឬ​អធិរាជដែលបានធ្វើសង្គ្រាមដណ្តើមគ្នាកាន់កាប់ទឹកដីប្រទេសចិនទាំងមូល។

ផែនទីបង្ហាញពីសម័យនគរទាំងបី

យោងតាមការសិក្សាប្រវត្តិសាស្រ្ត មានការបញ្ជាក់ខុសគ្នាបន្តិចពាក់ព័ន្ធនឹងរយៈពេលនៃនគរទាំងបីនេះ។ ការសិក្សាជាច្រើនបានកំណត់ថា នគរទាំងបីគឺចាប់ផ្តើមពីពេលកកើតនៃនគរវៃក្នុងឆ្នាំ២២០មុនគ.ស រហូតដល់ពេល​ដែលរាជវង្សជីនវាយដណ្តើមនគរអ៊ូក្នុងឆ្នាំ២៨០។ ក្នុងដំណាក់កាលនគរបីនេះ ត្រូវបានគេចាត់ទុកជាប្រវត្តិសាស្រ្តនៃការបង្ហូរឈាមគ្នាដ៏ខ្លាំងក្លាបំផុត​មួយរបស់​ចិន។ ការធ្វើជំរឿនប្រជាជនទូទាំងប្រទេសក្រោយបញ្ចប់រជ្ជកាលនគរទាំងបីក្នុងឆ្នាំ២៨០ ក្រោយការបង្រួបបង្រួមគ្នាឡើងវិញដោយ រាជវង្សជីន បានរកឃើញថាមានផ្ទះចំនួន ២,៤៥៩,៨៤០ខ្នង និងមនុស្ស១៦,១៦៣,៨៦៣នាក់។ ប៉ុន្តែទិន្នន័យក្នុងរាជវង្សហាន (មុននគរទាំងបី) បញ្ជាក់ថា មានផ្ទះសរុប ១០,៦៧៧,៩៦០ខ្នង និងមនុស្ស ៥៦,៤៨៦,៨៥៦នាក់។ តុល្យការទាំងពីរ​នេះបង្ហាញថា មានមនុស្សរាប់លាននាក់បានបាត់បង់ជីវិតក្នុងរយៈពេលត្រឹម៦០ឆ្នាំប៉ុណ្ណោះ៕

ដកស្រង់ពីសៀវភៅ «១០១អំពីប្រទេសចិន» របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក

សៀវភៅ «១០១អំពីប្រទេសចិន» ដែលចេញផ្សាយនៅពេលឆាប់ៗនេះ