ពាក្យបូរាណ “កូនប្រុសទ្រូងប្រាំហត្ថ” មានន័យយ៉ាងដូចម្តេច?

លោកអ្នកប្រហែលជាធ្លាប់លឺហើយពាក្យចាស់បូរាណមួយឃ្លាដែលពោលថា «កូនប្រុសទ្រូងប្រាំហត្ថ»។ ជាទូទៅ មនុស្សត្រូវបានត្រូវតែមានភាពរឹងមាំ និងក្លាហាន ដោយផ្សាភ្ជាប់នឹងពាក្យមួយឃ្លានេះ។ តើ «កូនប្រុសទ្រូងប្រាំហត្ថ» មានន័យដូចម្តេចទៅ?

តាមពិតទៅ មិនសំដៅដល់ប្រវែងនៃដងខ្លួន ឬទ្រូងរបស់កូនប្រុសនោះទេ។ ប៉ុន្តែវាមានន័យសំដៅដល់សាសនាទៅវិញទេ។

ក. ន័យត្រង់: គឺសំដៅដល់សម្ភារៈមួយបែបរបស់ព្រះសង្ឃ ដែល​យើង​តែង​និយមហៅថា “វណ្ឌពន្ធ “ មានប្រវែង៥ហត្ថ ។

ខ. ន័យធៀប: គឺសំដៅថាក្នុងសង្គមខ្មែរសម័យបូរាណ កូនប្រុសដែល​បាន​បួសរៀន​តែងតែជាមនុស្សដែលលក្ខណសម្បត្តិគ្រប់គ្រាន់​ទាំង​ផ្នែក​ចំណេះដឹង សីលធម៌ និងបំណិនវិជ្ជាជីវៈ ស្តែងចេញតាមរយៈ​សីល​ប្រាំ​របស់ព្រះពុទ្ធ រួមមាន៖

១. បាណាតិបាត: ការមិនសម្លាប់សត្វ មិនប្រមាថជីវិតអ្នកដទៃ ។

២. អាទិន្នា: ការមិនលួចឆក់ ទ្រព្យអ្នកដទៃដោយកាយ វាចា ចិត្ត ។

៣. មុសាវាទ: ការមិនពោលនូវពាក្យកុហក ចាក់ដោត ច្រណែន ឈ្នានី ព្យាបាទអ្នកដទៃ ។

៤. កាមេសុមេច្ឆា: ការមិនប្រព្រឹត្តខុស ក្នុងកាម ឬ ប្តីប្រពន្ធអ្នកដទៃ

៥. សុរាមេរយ: ការមិនសេព នូវគ្រឿងស្រវឹង ឬមេរ័យទឹកត្នោតជូរ និងគ្រឿងញៀន ជាដើម ។

ដកស្រង់ពីសៀវភៅ៖ កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ២ (ឈុំ កក្កដា)

សៀវភៅ «កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១ និងភាគ២»