មនុស្សគ្រប់រូបសុទ្ធតែមាន «ដុំពេជ្រ» ក្នុងខ្លួន

ពេជ្រអាចចាត់ទុកជាវត្ថុដ៏មានតម្លៃមួយក្នុងលោក។ មនុស្សជាច្រើនបានឱ្យតម្លៃរបស់មួយនេះ និងចង់បានវា ដ្បិតជាជារបស់កម្រ ពិបាករក និងមានសោភណ្ឌភាពស្រស់ស្អាត។ វាជារបស់កម្រ ដោយសារវាមាននៅកន្លែងខ្លះៗប៉ុណ្ណោះជុំវិញពិភពលោក និងស្ថិតនៅទីជម្រៅមួយ។ មនុស្សជាច្រើនព្យាយាមលះបង់គ្រប់បែបយ៉ាង ដើម្បីទទួលបានរបស់ដ៏មានតម្លៃនេះ ប៉ុន្តែហាក់ភ្លេចថា ខ្លួនមានរបស់នេះនៅជិតបង្កើយ។

តាមពិតទៅ មនុស្សសុទ្ធតែមានពេជ្រនៅក្នុងខ្លួនរបស់ពួកគេ គ្រាន់តែជាពេជ្រដែលមិនទាន់ច្នៃប៉ុណ្ណោះ។ ខ្លួនយើងមានសក្តានុពលភាពខ្លាំងក្លាបំផុត ប៉ុន្តែបែរជាយើងមិនខ្វាយខ្វល់ និងមិនឱ្យតម្លៃទៅវិញ។ មនុស្សមានពេលវេលាដូចគ្នា ប៉ុន្តែបែរជាត្រូវចាយពេលវេលាដ៏មានតម្លៃនេះក្នុងការណ៍ដែលឥតប្រយោជន៍។ មនុស្សមានខួរក្បាល ប៉ុន្តែមិនបានបណ្តុំនិងដុំខាត់ឱ្យទៅជាបញ្ញាដែលនាំជាប្រយោជន៍។ មនុស្សមានកម្លាំងដើម្បីបំពេញក្នុងកិច្ចការងារអ្វីមួយដែលមានប្រយោជន៍ ប៉ុន្តែត្រូវបានប្រើប្រាស់ក្នុងកិច្ចការដែលគ្មានបានការ។

ហេតុអ្វីមិនប្រឹងប្រែងច្នៃរបស់ដែលខ្លួនមាន ឱ្យក្លាយជាដុំពេជ្រ? តើអ្នកបន្តរំពឹងទុកលើដុំពេជ្រដែលកំពុងស្ថិតនៅក្នុងជម្រៅធរណី ឬកំពុងស្ថិតនៅលើខ្លួនអ្នកដទៃឬ? របស់ទាំងនោះមិនមែនបានមកឯកឯងនោះទេ។ អ្នកត្រូវតែប្រើប្រែងដើម្បីទទួលបានវា ពិសេសពេជ្រដែលនៅក្នុងខ្លួនអ្នកផ្ទាល់។ អ្នកត្រូវកែច្នៃពេលវេលា កម្លាំង បញ្ញា និងសក្តានុពលផ្សេងទៀតរបស់អ្នក ដើម្បីក្លាយជាដុំពេជ្រដ៏មានតម្លៃមួយ។

អ្នកត្រូវរស់នៅដោយមានឆន្ទះ (គោលបំណង ឬគោលដៅ) ការខិតខំប្រែង (សកម្មភាព) សេចក្តីស្រលាញ់ (មេត្តាធម៌ និងគុណធម៌) និងបញ្ញា (ត្រូវបណ្តុះជាញឹកញាប់) ដើម្បីកែច្នៃដុំពេជ្រដែលនៅក្នុងខ្លួនរបស់អ្នក៕

© រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក

សៀវភៅ “ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង” របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក