តើបុរសខ្លាំងមុខស្រស់របស់ប្រទេសចិន «ស៊ី ជីនភីង» ជាអ្នកណា?

លោក ស៊ី ជីនភីង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ គឺជាអ្នកនយោបាយចិន ដែលបច្ចុប្បន្នជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។ ជាទូទៅ លោកស៊ីត្រូវបានគេចាត់ទុកជា “មេដឹកនាំកំពូល” របស់ប្រទេសចិន ហើយក្នុងឆ្នាំ២០១៦ បក្សកុម្មុយនីស្តចិនបានប្រគល់ងារដល់លោកជាផ្លូវការថាជា “មេដឹកនាំស្នូល”។ ក្នុងនាមជាអគ្គលេខាធិការបក្ស លោកស៊ី បានក្តោបយ៉ាងណែនពេញដៃនូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកិច្ចការកំពូលរបស់ប្រទេសចិន។

លោកស៊ី គឺជាអគ្គលេខាធិការបក្សដំបូងគេបង្អស់ ដែលបានកើតក្រោយសង្គ្រាមលោកលើកទី២។ ក្នុងនាមកូនប្រុសរបស់អតីតយុទ្ធជនកុម្មុយនីស្តចិន លោក ស៊ី ចុងស៊ីន (Xi Zhongxun) លោកស៊ីដែលស្ថិតក្នុងវ័យជំទង់បានរត់ភៀសខ្លួនតាមឪពុកទៅស្រុកយ៉ានឆន់ ដើម្បីគេច​​​ចេញ​ពីការកម្ចាត់ អំឡុងបដិវត្តន៍វប្បធម៌ចិនរបស់ប្រធានម៉ៅ។ ពួកគេបានរស់នៅក្នុងរូងភ្នំមួយក្នុងភូមិលៀងជាហឺ ជាទីកន្លែងដែលលោកគ្រប់គ្រង​មនុស្សក្នុងសហករណ៍។

ក្រោយមក លោកស៊ីបានសិក្សានិងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស៊ីងហួដ៏ល្បីល្បាញក្នុងនាមជានិស្សិត “កម្មករ កសិករ និងទាហាន” ហើយបានចាប់ផ្តើមនយោបាយ និងមានកេរ្តិ៍ឈ្មោះបន្តិចម្តងៗក្នុងខេត្តជាប់ឆ្នេរសមុទ្ររបស់ប្រទេសចិន។ លោកស៊ីបានកាន់ការងារជាអភិបាលខេត្តហ្វូជាន ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ បន្ទាប់មក គឺជាលេខាបក្សខេត្តស៊ីជាំង ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៧ ជាខេត្តជាប់គ្នានឹងខេត្តហ្វូជាន។ បន្ទាប់ពីការ      បណ្តេញលោក ឈិន លៀងអ៊ី     (Chen Liangyu) ចេញពីតំណែង លោកស៊ី ត្រូវបានគេផ្ទេរឱ្យទៅបម្រើការជំនួសនៅទីក្រុងសៀងហៃ ក្នុងតួនាទីជាលេខាគណបក្សសម្រាប់រយៈពេលខ្លីនៅឆ្នាំ២០០៧។ លោកស៊ីបានក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងលេខា​ធិការដ្ឋានមជ្ឈិម នៅក្នុងខែតុលា ឆ្នាំ២០០៧ ដោយបានចំណាយពេលអស់៥ឆ្នាំបន្តទៀត ក្នុងនាមជាអ្នកត្រៀមស្នងតំណែងបន្តពីលោកប្រធានាធិបតី ហូ   ជីនតាវ។ លោកស៊ីបានបំពេញការងារជាអនុប្រធានាធិបតី ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ និងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២។

ចាប់តាំងពីឡើងកាន់អំណាចមក លោកស៊ីបានដាក់ចេញនូវវិធានការដ៏ម៉ឹងម៉ាត់និងទូលំទំលាយជាងមុន ដើម្បីពង្រឹងវិន័យបក្សនិងដើម្បីធានាឱ្យមានសាមគ្គីភាពផ្ទៃក្នុង។ លោកបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងក្តៅគគុក ហើយបានធ្វើឱ្យមន្ត្រីបក្សកុម្មុយនីស្តដែលកំពុងស្ថិតក្នុងតំណែង និងអតីតមន្រ្តីដែលចូលនិវត្តន៍ជាច្រើននាក់ រួមទាំងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបានខ្ទាតចេញពីតំណែង។ ក្នុងនាមជាអ្នកជាតិនិយមចិនម្នាក់ លោកស៊ីបានបង្កើនការរឹតបន្តឹងលើសង្គមស៊ីវិលនិងការបញ្ចេញមតិ គ្រប់គ្រងបណ្តាញអ៊ីនធឺណែត ដោយដាក់ដែនកំណត់ឬហៅជាផ្លូវការថា “អធិបតេយ្យភាពនៃអ៊ីនធឺណែត”។ លោកស៊ីបានធ្វើកំណែទម្រង់សេដ្ឋកិច្ចទីផ្សារសង្គមនិយមបន្ថែមទៀត ជំរុញឱ្យមានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងការពង្រឹងស្ថាប័នអនុវត្តច្បាប់ ព្រមទាំងជំរុញស្មារតីប្រជាជនចិននិងជាតិទាំងមូល ដោយប្រើប្រាស់ពាក្យស្លោកថា “សុបិននៃប្រទេសចិន”

ចង់ជ្រាបជីវប្រវត្តិរបស់មេដឹកនាំចិនបីរូប សូមអានសៀវភៅ «ប្រទេសចិនក្រោមកណ្តាប់ដៃបុរសខ្លាំងទាំង៣»

លោកប្រមុខរដ្ឋ ស៊ី ជីនភីង ក៏បានគាំទ្រឱ្យមានគោលនយោបាយកិច្ចការបរទេសដ៏រឹងមាំថែមទៀត ជាពិសេសគឺទំនាក់ទំនងចិន-ជប៉ុន ជំហរចិនចំពោះបញ្ហាសមុទ្រចិនខាងត្បូង និងតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកគាំទ្រពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មឈានមុខគេមួយ។ លោកក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនពីអាស៊ីទៅអឺរ៉ុប តាមរយៈកម្មវិធីគំនិតផ្តួចផ្តើម “ខ្សែ​ក្រវាត់​មួយ ផ្លូវមួយ” ឬ One Belt, One Road។ កិច្ចប្រជុំឆ្នាំ២០១៥ រវាងលោកស៊ី និងប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យីងជូវ បានកត់សម្គាល់ពីជំនួបជាលើកដំបូងរបស់មេដឹកនាំនយោបាយនៃប្រទេសទាំងពីរអំពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ (ច្រកសមុទ្រហ្វកម៉ូស) ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលចិននៅឆ្នាំ១៩៥០មក។

ក្នុងនាមជាឥស្សរជនដ៏សំខាន់មួយរូបរបស់ “មេដឹកនាំជំនាន់ទី៥” របស់សាធារណរដ្ឋប្រជាមានិតចិន លោកបានក្តោបក្តាប់អំណាចក្នុងស្ថាប័នសំខាន់ៗជាច្រើន តាមរយៈការកាន់កាប់មុខតំណែងកំពូលជាច្រើន រួមមាន ប្រធានគណៈកម្មាការសន្តិសុខជាតិដែលទើបបង្កើតថ្មី ក៏ដូចជាប្រធានគណៈកម្មាធិការកំណែទម្រង់សេដ្ឋកិច្ចនិងសង្គម គណៈកម្មាធិការរៀបចំរចនា      សម្ព័ន្ធ​យោធាឡើងវិញនិងទំនើបភាវូបនីយកម្ម ព្រមទាំងគណៈកម្មការគ្រប់​គ្រង​ប្រព័ន្ធអ៊ីនធឺណែត។ ដោយសារគេចាត់ទុកលោកស៊ីជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្ដិសាស្ដ្រសម័យទំនើបរបស់ចិន ទើបគំនិតនយោ​បាយរបស់លោក ត្រូវបានគេសរសេរចូលក្នុងធម្មនុញ្ញបក្សនិងរដ្ឋធម្ម    នុញ្ញ​ជាតិ។

ក្នុងរដ្ឋបាលរបស់ខ្លួន អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយ គឺលោកស៊ីបានរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំពូល ដើម្បីលុបចោលការកំណត់អាណត្តិសម្រាប់តំណែងប្រធានាធិបតីដែលអាចធ្វើឱ្យលោកបន្តអំណាច​បាន​ច្រើនអាណត្តិជាងមុន។ កាលពីឆ្នាំ២០១៨ ទស្សនាវដ្តីហ្វបស៍ (Forbes) បានចាត់ថ្នាក់លោកស៊ី ជាមនុស្សមានអំណាចនិងឥទ្ធិពលខ្លាំងបំផុតនៅក្នុងពិភពលោក ដោយបានទម្លាក់លោក វ្ល៉ាឌីមៀ ពូទីន បុរសខ្លាំងរុស្ស៊ី ដែលបានរក្សាកំណត់ត្រាអស់រយៈពេល៥ឆ្នាំជាប់ៗគ្នា៕

សៀវភៅថ្មីដែលនិយាយអំពីប្រទេសចិន «១០១ អំពីប្រទេសចិន» នឹងចេញផ្សាយនៅពាក់កណ្តាលខែមេសា ខាងមុខនេះ