អាន…អាន….អាន!

១. មនុស្សភាគច្រើនយល់ថា «អានសៀវភៅ» ល្អ ប៉ុន្តែមនុស្សមួយចំនួនធំ នៅតែបន្តមិនប្រកាន់សកម្មភាពនេះ។ ពួកគេមិនអាចប្រកាន់បាន ពីព្រោះពួកគេមិនទាន់មានទម្លាប់នៅឡើយ។ អ្នកខ្លះចាប់ផ្តើមបានបន្តិច រួចក៏បោះចោលសកម្មភាពនេះទៅវិញ ដ្បិតមិនទាន់បង្កើតបានជាទម្លាប់។ ប៉ុន្តែបើពួកគេបង្កើតបានទម្លាប់នេះហើយ ជីវិតរបស់ពួកគេនឹងស្រស់បំព្រង ដោយសារទម្លាប់នេះនឹងបង្កើតជីវិតរបស់គេវិញ ដូចឃ្លាមួយគេនិយាយថា “ដំបូងមនុស្សបង្កើតទម្លាប់ ហើយក្រោយមកទម្លាប់នឹងបង្កើតមនុស្សវិញ”។

២. បុគ្គលល្បីល្បាញ និងជោគជ័យមួយចំនួនធំ ជាអ្នកដែលមានទម្លាប់អាន ហើយពួកគេបានផ្តល់ទស្សនទានជាច្រើនជុំវិញការអាន។ ពួកគេចង់ប្រាប់ពីសារដ៏សាមញ្ញមួយថា «ការអានសំខាន់ណាស់»។ ប្រធានាធិបតីអាម៉េរិកទី៣៣ ដែលគេស្គាល់តាមរយៈការបញ្ជាឱ្យទម្លាក់គ្រាប់បែកនៅជប៉ុន ដើម្បីបញ្ចប់សង្គ្រាមលោកទី២ លោក ហារី ទ្រូម៉ាន់ បាននិយាយ “គ្រប់អ្នកអានមិនមែនសុទ្ធតែជាអ្នកដឹកនាំនោះទេ ប៉ុន្តែគ្រប់អ្នកដឹកនាំសុទ្ធតែជាអ្នកអាន។ ប៊ីលហ្គេតស៍ អ្នកមានបំផុតក្នុងលោកនិយាយថា គាត់មានក្តីស្រមៃជាច្រើនកាន់នៅក្មេង ហើយវិធីដ៏មានប្រសិទ្ធភាពបំផុតដែលអាចធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយសារ ឱកាសដែលគាត់បានអានច្រើន។

៣. មនុស្សជាច្រើនបន្តយកសេសជុំវិញការអានសៀវភៅ។ គាត់រវល់ខ្លាំង មិនសូវមានពេល..ជាដើម ប៉ុន្តែបើក្រលែកមើលប្រធានាធិបតីអាម៉េរិក ប្រមុខរដ្ឋមហាអំណាចពិភពលោក អានសៀវភៅបានរាប់សិបក្បាលក្នុងមួយឆ្នាំ។ មហាសេដ្ឋីអាម៉េរិកពីររូប គឺ ប៊ីលហ្គេតស៍ នាយក Microsoft និងស្ថាបនិក Facebook ម៉ាក ហ្សាក់ឃឺប៊ឺក សុទ្ធតែជាអ្នកអាន។

៤. មានចំណេះដឹងដ៏មានតម្លៃមហាសាល ដែលកំពុងកប់នៅក្នុងសៀវភៅ ប៉ុន្តែមនុស្សជាច្រើនបែរជាព្រងើយកន្តើយ មិននាំគ្នាបើកយក។ ចំណេះដឹងទាំងនោះមិនចេះរីងស្ងួតឡើយ មិនចេះហួសការបរិច្ឆេទប្រើប្រាស់ និងមិនចេះហួសសម័យ។ ទស្សនៈ និងទ្រឹស្តីជាច្រើនរបស់អ្នកប្រាជ្ញបុរាណនៅតែមានតម្លៃដល់មនុស្សសម័យអាយធីក្នុងសតវត្សរ៍ទី២១នេះ។ អ្នកនិពន្ធអាម៉េរិក ដ៏ល្បីល្បាញដែលមានរហស្សនាម Dr. Seuss បានលើកឡើងថា “អានកាន់តែច្រើន ដឹងកាន់តែច្រើន ហើយដឹងកាន់តែច្រើន អ្នកនឹងទៅបានកាន់តែឆ្ងាយ” ។

៥. ទម្លាប់អានរបស់ប្រជាជន ផ្សាភ្ជាប់នឹងភាពខ្លាំងរបស់ប្រទេសជាតិ។ ប្រជាជាតិខ្លាំងៗជាច្រើនក្នុងលោក មានប្រជាជនដែលមានទម្លាប់អាន។ ទម្លាប់ប្រជាជនបានបង្កើតទៅជាវប្បធម៌នៃការអាន ដែលជួយរុញប្រទេសពួកគេទៅមុខលឿន និងខ្លាំង ហើយគ្រប់គ្នាបានជ្រុំជ្រែងក្នុងកិច្ចការនេះ។ សិង្ហបុរី និងអ៊ីស្រាអែល ប្រទេសតូចតែខ្លាំង គឺជាគំរូនៃប្រជាជនដែលមានទម្លាប់អាន។ “បើអ្នកចង់ឱ្យប្រទេសអ្នកខ្លាំង អ្នកត្រូវតែធ្វើឱ្យប្រជាជនរបស់អ្នកខ្លាំង ហើយបើចង់ធ្វើឱ្យប្រជាជនអ្នកខ្លាំង អ្នកត្រូវតែធ្វើឱ្យពួកគេក្លាយជាអ្នកអាន”។

៦. អានសរសេរ..សរសេរអាន! ទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងល្អិតរមូត។ ដើម្បីសរសេរបានល្អ អ្នកត្រូវតែអានឱ្យបានច្រើន ដូចគេនិយាយថា “អ្នកពូកែសរសេរ គឺជាអ្នកពូកែអាន”។ ពេលអ្នកសរសេរ អ្នកត្រូវស្រាវជ្រាវ ពិនិត្យ គិត វិភាគ និងចងក្រង។ កាន់តែសរសេរកាន់តែចេះ កាន់តែអានកាន់តែដឹង។ អានហើយសរសេរ…សរសេរហើយអាន! អានច្រើន ចេះច្រើន ហើយបន្តសរសេរដើម្បីចែករំលែក។ មនុស្សចាប់ផ្តើមសរសេរ និងចែករំលែកកាន់តែច្រើន ជួយជម្រុញការអានកាន់តែខ្លាំង។ មនុស្សច្រើនគំនិតច្រើន ប្រធានបទច្រើន…ប្រធានបទច្រើន នឹងអាចទាក់ចិត្តមនុស្សបានកាន់តែច្រើន។ សួនច្បារស្រស់ស្អាត ដោយសារផ្កាចម្រុះពណ៌ ដូចគ្នានឹងការអានកាន់តែខ្លាំង ដោយសារភាពចម្រុះនៃអ្នកសរសេរ និងប្រធានបទដែរ៕

ដោយ៖ ឈុំ សីហា ស្ថាបនិក #heartbook 

សៀវភៅ “ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង” របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក