«១០១អំពីប្រទេសចិន» សៀវភៅថ្មីដែលនឹងចេញផ្សាយនៅពេលឆាប់ៗនេះ!

គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក នឹងចេញផ្សាយសៀវភៅថ្មីមួយដែលនិយាយអំពីប្រទេសចិន នៅខែមេសា ឆ្នាំ២០១៩ ខាងមុននេះ។ សៀវភៅដែលមានកម្រាស់ ២៣២ទំព័រ ដែលមានចំណងជើងថា «១០១អំពីប្រទេសចិន» នឹងបង្ហាញអំពីចំណេះដឹងសំខាន់ៗ ប្លែកៗ និងមានប្រយោជន៍អំពីប្រទេសចិនចំនួន១០១ចំណុច។ ចំណុចសំខាន់ៗទាំងនោះរួមមាន៖ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រជាជន និងយោធាជាដើម។ 

លោក ឈុំ សីហា នាយកគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក ក៏ដូចជាអ្នករៀបរៀងសៀវភៅនេះ បានផ្តល់នូវចម្លើយមួយចំនួនជុំវិញសៀវភៅនេះ៖

ហេតុអ្វីបានជាលោករៀបរៀងសៀវភៅនេះឡើង?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនខ្មែរចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងជុំវិញវត្តមានរបស់ចិននៅកម្ពុជា។ ដោយសារប្រទេសចិន ហាក់ពាក់ព័ន្ធច្រើននិងរឹងរិតតែជិតស្និទ្ធជាមួយកម្ពុជា ទាំងសេដ្ឋកិច្ច នយោបាយ ការទូត និងវប្បធម៌ ដូចនេះប្រជាជនខ្មែរគួរតែបានស្វែងយល់ឱ្យបានច្បាស់បន្តិចអំពីប្រទេសចិន។ មិនមែនតែក្នុងបរិបទប្រទេសយើងឡើយ សូម្បីតែក្នុងតំបន់និងពិភពលោក ប្រទេសចិន ចាប់ផ្តើម​ទទួលការចាប់អារម្មណ៍ក្រោយពេលយក្សអាស៊ីមួយនេះ ក្លាយជាមហាអំណាចទាំងសេដ្ឋកិច្ច និងយោធា។ ចិនមានតួនាទីយ៉ាងសំខាន់ ជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពិសេសៗ ដែលយើងគួរស្វែងយល់។ ម្យ៉ាងវិញទៀត តិចយ៉ាងច្រើន គោលនយោបាយ និងយុទ្ធសាស្រ្តទាំងនោះសុទ្ធតែពាក់ព័ន្ធជាមួយពិភពលោក និងកម្ពុជាផ្ទាល់ ដូចជា គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងសុបិនរបស់ប្រទេសចិនជាដើម។

តើអ្វីជាចំណុចសំខាន់របស់សៀវភៅនេះ? 

សៀវភៅនេះសរសេរជាចំណុចៗ ទោះមិនបានស៊ីជម្រៅ ប៉ុន្តែងាយស្រួលក្នុងការស្វែងយល់។ ចំណុចសំខាន់មួយទៀត សៀវភៅនេះមាន ១០១ចំណុច ទោះបីមិនបានសព្វគ្រប់ដ្បិតចិនជាមហាប្រទេសធំមានរឿងមិនតិចទេដែលយើងត្រូវដឹងនិងសិក្សារៀនសូត្រ ប៉ុន្តែវាឆ្បិចយកចំណុចសំខាន់ៗពាក់ព័ន្ធស្ទើរគ្រប់ជ្រុង ដូចជា ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត នយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រជាជន និងយោធាជាដើម។

តើលោកចំណាយពេលប៉ុន្មានដើម្បីរៀបរៀងសៀវភៅនេះឡើង? ហើយត្រូវយកឯកសារប្រភពពីណាខ្លះ? 

តាមពិតទៅ សៀវភៅនេះ ខ្ញុំចំណាយពេលមិនច្រើនប៉ុន្មានទេ ពីព្រោះខ្ញុំយល់ថា គួរតែចេញសៀវភៅបែបនេះឱ្យបានឆាប់។ ខ្ញុំចំណាយពេលប្រហែលជា៤ខែ ហើយឯកសារភាគច្រើន បានពីសារព័ត៌មានធំៗ និងគេហទំព័រផ្លូវការរបស់ស្ថាប័នធំៗដែរ។ សារព័ត៌មានពិភពលោកទាំងនោះមានដូចជា៖ សារព័ត៌មានអាម៉េរិក CNN, សារព័ត៌មានអង់គ្លេស BBC, សារព័ត៌មានចិន Xinhua, គេហទំព័រវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា, វិទ្យុសម្លេងសហរដ្ឋអាម៉េរិក VOA និងគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចិនជាដើម។ សម្រាប់ខ្ញុំ ក្រោយបោះពុម្ពផ្សាយរួចហើយ ក៏នៅតែបន្តស្រាវជ្រាវចំណេះដឹងបន្ថែម ដើម្បីបញ្ចូលទៅក្នុងសៀវភៅនេះដែរ។

តើលោកមានអ្វីផ្តាំផ្ញើទៅប្រិយមិត្តអ្នកអានទេ?

ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរមួយរូប យើងគួរតែស្វែងយល់ឱ្យបានទូលំទូលាយ និងស៊ីជម្រៅបន្តិច ពាក់ព័ន្ធនឹងបរិបទតំបន់ និងពិភពលោក។ ខ្ញុំគិតថា មានប្រជាជនយើងមួយចំនួន ប្រហែលជាមិនសូវចូលចិត្តប្រទេសចិនប៉ុន្មានទេ ត្បិតមានអតីតកាល និងបច្ចុប្បន្នមិនសូវល្អ។ យើងមិនអាចសន្មតថាល្អឬមិនល្អបានឡើយ ទាល់តែយើងស្វែងយល់ឱ្យបានច្រើនបន្តិចជុំវិញប្រទេសមួយនេះ។ ខ្ញុំគ្រាន់តែសូមជម្រាបថា សូមកុំឱ្យការស្អប់ មករារាំងយើងមិនឱ្យដឹងអ្វីដែលយើងត្រូវដឹង និងរារាំងអ្វីដែលយើងត្រូវយល់។ ខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះ នឹងផ្តល់ជាចំណេះដឹងបន្ថែមដល់ជនរួមជាតិខ្មែរទាំងអស់។ ខ្ញុំសូមអភ័យទោសទុកជាមុន នូវរាល់កំហុសឆ្គងដែលកើតមានក្នុងការចេញផ្សាយសៀវភៅនេះ។

សៀវភៅ «១០១អំពីប្រទេសចិន» ដែលនឹងបោះពុម្ពផ្សាយនៅពេលឆាប់ៗខាងមុន និងលោក ឈុំ សីហា អ្នករៀបរៀង