តើអ្វីជាប្រព័ន្ធនយោបាយ«រាជានិយម» ឬ«រាជាធិបតេយ្យ»?

ក្នុងចំណោមប្រព័ន្ធនយោបាយធំៗទាំងប្រាំ ដែលរួមមានរបប​ប្រជា​ធិប​តេយ្យ របបផ្តាច់ការ របបកុម្មុយនិស្ថ និងរបបសាធារណរដ្ឋ បន្ទាប់ពី​ប្រព័ន្ធ​នយោបាយប្រជាធិបតេយ្យ និងរបបផ្តាច់ការ របបរាជានិយម ឬរបប​រាជាធិបតេយ្យ ក៏មានដែរនៅតាមបណ្តាប្រទេសមួយចំនួន។ តើរបបដែល​យក​ព្រះមហាក្សត្រ (ស្តេច) ជាធំនេះ មានទម្រង់យ៉ាងដូចម្តេច? ហើយ​បណ្តា​ប្រទេសណាខ្លះ ដែលកំពុងប្រកាន់របបបែបនេះ?

ប្រទេសស្ទើរតែអស់ក្នុងលោក គឺចាប់ផ្តើមពីរបបរាជានិយម​នេះ​ឯង។ ប៉ុន្តែបច្ចុប្បន្ន «រាជានិយម» នេះ ត្រូវបានប្រកាន់យកនៅ​តាមបណ្តា​ប្រទេស​មួយចំនួនតូចប៉ុណ្ណោះ។ របបរាជានិយមនេះ អ្នកគ្រប់គ្រងប្រទេស ឬប្រមុខរដ្ឋ គឺមិនត្រូវបានជ្រើសរើសដោយប្រជាជន ឬតំណាងរបស់​ពួកគេ​ឡើយ ពោលគឺតាមរយៈការផ្ទេររាជ្យ ឬស្នងរាជ្យ។ ក្នុងប្រព័ន្ធគ្រប់គ្រង​ប្រទេស​នេះ ប្រមុខរដ្ឋ អាចបន្តគ្រប់គ្រងប្រទេសជាតិ​របស់ខ្លួន​រហូត​ដល់​ក្ស័យ​ព្រះជន្ម។

ជាទូទៅរបបរាជានិយម ត្រូវបានបែងចែកជាពីរធំៗ គឺ រាជា​ធិប​តេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញ និងរាជាធិបតេយ្យផ្តាច់ការ។ របបរាជាធិប​តេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រតែងតែគង់ជាព្រះប្រមុខរដ្ឋ ប៉ុន្តែ​អំណាច​ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងៗទៀត។ ប្រទេសមិនតិច​ដែរ​ដែល​កំពុងប្រកាន់របបរាជានិយម មិនកំណត់នេះ ដូចជា៖ ចក្រភពអង់គ្លេស ដឺណាម៉ាក គុយវ៉ែត អេស្បាញ ស៊ុយអែត ថៃ ជប៉ុន និងកម្ពុជាជាដើម។

ខុសពីរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ របបរាជាធិបតេយ្យ​ផ្តាច់ការ​តម្រូវ​ឲ្យប្រមុខរដ្ឋ ពោលគឺព្រះមហាក្សត្រ ត្រូវទទួលខុសត្រូវក្នុង​តំណែង​កំពូល (ប្រមុខរដ្ឋផង) និងកាន់កាប់តំណែងសំខាន់ៗរបស់ប្រទេសជាតិ ទាំងរាជរដ្ឋាភិបាល សភា និងតុលាការ។ ដូចជាប្រទេសប្រុយណេ ស្តេច​ស៊ុល​តង់ កាន់តំណែងជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្រ្តីផង ជារដ្ឋមន្រ្តី​ក្រសួង​ការពារជាតិផង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុផង និងជាអគ្គមេបញ្ជាការ​កំពូលផង។ ក្រៅពីប្រុយណេ ក៏មានដែរ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត និង​ប្រទេស​អារ៉ាប់រួម ជាដើម៕

ដកស្រង់ពីសៀវភៅ៖ ចំណេះដឹងសកល ភាគ១ (គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក)​