បទពិចារណា៖ ស្អប់ផ្កាប់មុខ

១. មនុស្សយើងមួយចំនួន បើស្អប់អ្នកណាម្នាក់ហើយ មុខក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់លឺ ខ្លួនក៏មិនចង់បៀត ហើយរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកហ្នឹងរិតតែមិនចង់ដឹង។ ចំណែកប្រជាជនយើងមួយចំនួនវិញ បើស្អប់ជាតិសាសន៍ណាហើយ ក៏មិនខុសគ្នាដែរ មិនចង់ជួប និងមិនចង់យល់ពីជនសាសន៍នោះដែរ សូម្បីតែសៀវភៅខ្លះដែលសរសេរអំពីប្រជាជាតិហ្នឹងក៏មិនព្រមអាន។

២. ការប្រកាន់គំនិតបែបនេះ ហាក់ផ្ទុយពីទស្សនៈរបស់ ស៊ុនស៊ូ (Sun Tzu) អ្នកយុទ្ធសាស្រ្ត សង្គ្រាម ចិន ដែលបានលើកឡើងថា “ស្គាល់ខ្លួនឯង ស្គាល់សត្រូវ ច្បាំងមួយរយដងឈ្នះមួយរយដង”។ ចំណែកអ្នកយុទ្ធសាស្រ្តគុននិយមជប៉ុនឈ្មោះ មីយ៉ាមូតូ ម៊ូសាហ្ស៊ី បានបន្ថែមថា “ស្គាល់សត្រូវរបស់អ្នក ត្រូវស្គាល់ដាវរបស់ពួកគេ”។ ដូចនេះការស្គាល់សត្រូវរបស់ខ្លួន គឺជាភាពចាំបាច់បំផុតមិនអាចខ្វះបានឡើយ។

៣. អ្នកស្អប់ជាតិសាសន៍មួយដែលឈ្លានពានអ្នក ធ្វើបាបអ្នក ដណ្តើមទឹកដីអ្នក ប៉ុន្តែអ្នកបែរជាមិនខ្វល់ខ្វាយ មិនស្វែងយល់ និងព្យាយាមចេញឱ្យឆ្ងាយពីពួកគេ។ តើអាចទៅរួចទេ ដែលអ្នកអាចទប់ទល់ការឈ្លានពានរបស់ពួកគេ គេចពីការធ្វើបាបរបស់ពួកគេ ហើយអាចដណ្តើមទឹកដីពីគេមកវិញ ដោយ “គ្មានដឹងអ្វីសោះ” ពីពួកគេ? គេកំពុងស្ថិតនៅត្រង់ណា? គេមានអ្វីខ្លះ? អ្នកណាជាមេដឹកនាំរបស់គេ? តើគេប្រើប្រាស់យុទ្ធសាស្រ្តអ្វី? តើគេពូកែអ្វីខ្សោយអ្វី? ….

៤. តើពួកគេអាចធ្វើបាប ដណ្តើមទឹកដី និងឈ្លានពានអ្នកបានដោយរបៀបណាកាលពីអតីតកាល? តើចម្លើយរបស់អ្នកគឺ “មិនដឹងទេ!”? ខ្ញុំស្អប់ពួកគេណាស់ មិនដឹងមិនចង់លឺ មិនចង់ឃើញពួកគេទេ? មិនចង់ដឹង មិនចង់លឺ មិនចង់ឃើញពួកគេ ប៉ុន្តែចង់ទប់ទល់ពួកគេ? ពិតជាគ្មានផ្លូវឡើយ!

៥. អ្នកអាចស្អប់! ប៉ុន្តែ «មិនអាចស្អប់ផ្កាប់មុខ ដោយមិនព្រមងើបមើលអ្វីសោះនោះទេ»។ អ្នកមិនអាចបណ្តោយឱ្យការស្អប់ផ្កាប់មុខ បាំងអ្នកមិនឱ្យមើលឃើញអ្វីដែលអ្នកកំពុងស្អប់នោះឡើយ។ អ្នកត្រូវបណ្តោយឱ្យការស្អប់ផ្កាប់មុខ រារាំងអ្នកមិនឱ្យឃើញអ្វីដែលអ្នកត្រូវឃើញឬអ្វីដែលអ្នកត្រូវដឹងឡើយ។ មិត្តក៏ដោយ សត្រូវក៏ដោយ អ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ បើអ្នកនៅតែរស់នៅជិតពួកគេ ឬអ្នកនៅតែជាប់ពាក់ព័ន្ធនឹងពួកគេ។

៦. កុំថាឡើយស្អប់ ស្រលាញ់វិញក៏ត្រូវតែស្វែងយល់អំពីគេដែរ។ តើគេចូលចិត្តអ្វី? ខ្លាចអ្វី? ចាប់អារម្មណ៍អ្វី? ខ្សោយអ្វី? ខ្លាំងអ្វី? បើគេ “ចង់បាន” អ្នកខ្លាំង គេនឹងព្យាយាមស្វែងយល់អំពីអ្នក ហើយគេក៏ស្គាល់អ្នកយ៉ាងច្បាស់។ ចុងក្រោយសំណួរមួយបានលេចឡើងថា បើគេចង់បានអ្នក តើគេអាចយកអ្នកបានទេ? បើគេចង់ប្រយុទ្ធជាមួយអ្នកវិញ តើអ្នកអាចទប់ទល់ជាមួយគេបានទេ?

៧. យើងតែងតែទទួលរងគ្រោះពី ភាពល្ងង់ ព្រងើយកន្តើយ និងភាពមិនព្រមទទួលយល់របស់យើង។ ទស្សនវិទូអង់គ្លេសមួយរូប និយាយថា “បើអ្នកមិនដឹងពីប្រវត្តិសាស្រ្ត (រឿងអតីតកាល) ទេ នោះប្រវត្តិសាស្រ្តនឹងដាក់ទណ្ឌកម្មអ្នកម្តងទៀតមិនខាន”៕

សៀវភៅ “ប្រទេសចិនក្រោមកណ្តាប់ដៃបុរសខ្លាំងទាំង៣” រៀបរៀងដោយ ឈុំ សីហា