សង្គ្រាមរវាងចិន និងវៀតណាម ខែកុម្ភៈ ឆ្នាំ១៩៧៩​

សង្គ្រាមរវាងចិន និងវៀតណាម ដែលគេស្គាល់ថា “សង្គ្រាមឥណ្ឌូចិន​លើកទី៣” បានកើតឡើង នៅតាមព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខែកុម្ភៈ ឆ្នាំ១៩៧៩។

កាលនោះ ប្រទេស​ចិនបានវាយលុយចូលព្រំដែនវៀតណាម ដោយសារ​​ខឹងវៀតណាមដែលគាំទ្រ​ដោយសូវៀត បានឈ្លាន​ពានកម្ពុជាក្នុងរបបខ្មែរក្រហមដែលផ្តត់ផ្គង់ និងគាំពារដោយចិន។ កងទ័ពចិន បានវាយចូលព្រំដែនខាងជើងនៃប្រទេស​វៀតណាម ហើយ​បានកាន់កាប់ទីក្រុងមួយចំនួននៅជិតព្រំដែន។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៧៩ ប្រទេសចិនបានប្រកាសថា ខ្លួនបានវាយដល់​ទ្វារ​ចូលរដ្ឋធានីហាណូយ ហើយចាត់ទុកថាជោគជ័យ ហើយបញ្ចប់​បេសកកម្ម​ដោយបានដកទ័ពចេញពីទឹកដីវៀតណាមវិញ។ ការវាយ​ត្រឹម​របងក្រុងហាណូយ ត្រូវបានចិនចាត់ទុកគ្រាន់តែជាការផ្តល់​មេរៀន​ដល់វៀតណាមប៉ុណ្ណោះ។

ជុំវិញសង្គ្រាមឥណ្ឌូចិនចុងក្រោយដែលលឿនដូចផ្លេកបន្ទោរនេះ ទាំងចិននិងវៀតណាម សុទ្ធ​តែ​បានប្រកាសពីជ័យ​ជំនះរៀងខ្លួន។ សម្រាប់វៀតណាម ជោគជ័យ ពីព្រោះកងទ័ពរបស់​ខ្លួន​​នៅតែ​បន្ត​វត្តមាន​ក្នុង​ប្រទេសកម្ពុជារហូត១០ឆ្នាំ ពោលដល់ឆ្នាំ​១៩៨៩ នេះអាច​ចាត់​ទុកជាបរាជ័យរបស់ចិន ពីព្រោះថ្នាំខ្លាំង​ដែល​ចិនផ្តល់ឱ្យ​វៀត​ណាម មិនអាចធ្វើឲ្យវៀតណាម​ដក​កងទ័ព​ចេញពី​កម្ពុជា​តាម​បំណង​បានឡើយ៕

(រូបភាព៖ ផែនទីបង្ហាញពីកងទ័ពចិនវាយចូលព្រំដែនវៀតណាម)​ដកស្រង់ពីសៀវភៅ៖ ១០១អំពីប្រទេសចិន

សៀវភៅ «១០១អំពីប្រទេសចិន» ដែលបានបោះពុម្ពផ្សាយហើយ!