សុភាសិតអេហ្ស៊ីប១០ឃ្លា ដែលមានប្រយោជន៍សម្រាប់ជីវិតរស់នៅ

អេហ្ស៊ីប គឺជាប្រទេសដ៏ចំណាស់បំផុតមួយក្នុងពិភពលោក។ ជាមួយប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ អេហ្ស៊ីបដែលមានអរិយធម៌រុងរឿង បានបន្សល់ទុកនូវសុភាសិតជាច្រើន។ ដើម្បីចូលរួមចំណែកលើកស្ទួយចំណេះដឹងដល់ប្រិយមិត្ត ហាតប៊ុក សូមដកស្រង់ និងប្រែសម្រួលសុភាសិតល្អៗចំនួន១០ របស់អេហ្ស៊ីប។

> បើអ្នកសម្រេចចិត្តរៀបការជាមួយសត្វស្វា (មនុស្សអាក្រក់) ដោយសារលុយ នោះលទ្ធផលក្រោយមក លុយនឹងរត់ចេញពីអ្នក ហើយសត្វស្វានៅជាមួយអ្នកដដែល។ អត្ថន័យ៖ កុំរៀបការជាមួយអ្នកណាម្នាក់ដោយសារតែប្រាក់។

> ធ្វើដដែលៗ ក៏អាចបង្រៀនសត្វលាដ៏ល្ងង់ឲ្យចេះបានដែរ។ អត្ថន័យ៖ អនុវត្តន៍ធ្វើឲ្យមានភាពស្ទាត់ជំនាញ ឬជាភាសាអង់គ្លេស Practice makes perfect.  

> ក្នុងពិធីមង្គលការ កូនកំលោះបានកូនក្រមុំ ហើយភ្ញៀវបានតែភាពកំសត់។ អត្ថន័យ៖ កូនកំលោះកូនក្រមុំសប្បាយចិត្តក្នុងពិធីរៀបការ ហើយភ្ញៀវវិញទៅផ្ទះវិញទាំងពិបាកចិត្ត។

> ទះដៃមួយជំហៀង មិនលឺទេ (ដូចគ្នានឹងសុភាសិតខ្មែរដែរ)។ អត្ថន័យ៖ ការចូលរួមសហការពីគ្រប់ផ្នែកពិតជាសំខាន់ណាស់សម្រាប់សម្រេចអ្វីមួយ។  

> អ្នកដែលរលាគអណ្តាតដោយសារស៊ុបក្តៅ នឹងប្រឹងផ្លុំអណ្តាតទៅក្នុងយ៉ាអ៊ូដើម្បីឆាប់ត្រជាក់។ អត្ថន័យ៖ អ្នកកាន់តែនិយាយអាក្រក់ពីអ្នកដទៃ អ្នកនោះកាន់តែខ្មាស់គេ។  

> ភ្នែកមិនដែលនៅខ្ពស់ជាងចញ្ចើមទេ។ អត្ថន័យ៖ មនុស្សមិនត្រូវធ្វើឬកឲ្យហួសពីស្ថានភាពជាក់ស្តែងរបស់ខ្លួនឡើយ។ ក៏មានសុភាសិតអេហ្ស៊ីបមួយទៀតនិយាយថា «ខ្លួនឯងជាអ្នកសុំទានសោះ តែធ្វើឬកដូចសេដ្ឋី»។  

> ទទួលបានការស្វាគមន៍ដ៏កក់ក្តៅ ប្រសើរជាងត្រូវបានគេអញ្ជើញទទួលបាយថ្ងៃត្រង់។ អត្ថន័យ៖ ការស្វាគមន៍ គឺមានសារៈសំខាន់បំផុត។   

> អ្នកដែលដាំស្លរដោយថ្នាំពុល នឹងបានភ្លក្សរសជាតិនោះជាមិនខាន។ អត្ថន័យ៖ អ្វីដែលអ្នកធ្វើ អ្នកនឹងទទួលវាជាមិនខាន។   

> ស៊ីគេឲ្យទាន់អាហារថ្ងៃត្រង់ មុនពេលគេស៊ីអ្នកសម្រាប់អាហារពេលល្ងាច។ អត្ថន័យ៖ សម្លាប់គេឲ្យបានមុន មុនគេសម្លាប់យើង។

> បើមិត្តរបស់អ្នកជាទឹកឃ្មុំ សូមកុំលិតវាទាំងអស់ឲ្យសោះ។ អត្ថន័យ៖ កុំទាញប្រយោជន៍ ឬគេងប្រយោជន៍ពីមិត្តអ្នកឲ្យសោះ។    

រក្សាសិទ្ធិដោយ៖ ក្រុមបោះពុម្ពផ្សាយ ហាតប៊ុក

សៀវភៅ «១០១អំពីប្រទេសចិន» ដែលបានបោះពុម្ពផ្សាយហើយ!