ជីវប្រវត្តិសង្ខេប និងទស្សនទានមួយចំនួនរបស់ភរិយាលោក Bill Gates

ពិភពលោកចាប់អារម្មណ៍ខ្លាំងបំផុតតែទៅលើមហាសេដ្ឋីលំដាប់ទី១ គឺលោកប៊ីលហ្គេតស៍ ប៉ុន្តែប្រហែលជាភ្លេចថា មានស្រ្តីដ៏អស្ចារ្យ ម្នាក់នៅពីក្រោយគាត់។ អ្នកស្រី មេលីនដា ហ្គេតស៍ កើតនៅឆ្នាំ១៩៦៤ និងបានរៀប ការជាមួយលោក ប៊ីល ហ្គេតស៍នៅឆ្នាំ១៩៩៤ ដោយគូ ស្វាមីភរិយាទាំងពីរ មានកូន៣នាក់។ បច្ចុប្បន្នលោកស្រី គឺជាសហស្ថាបនិកអង្គការមនុស្សធម៌ មួយឈ្មោះ «មូលនិធិ ប៊ីល និងមេលីនដា ហ្គេតស៍» ឬជាភាសាអង់គ្លេស Bill & Melinda Gates Foundation។ លោកស្រី និងស្វាមី បានបង្កើត មូលនិធិនេះនៅឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០១៤ មានមូលនិធិសរុបជា ទឹក ប្រាក់រហូតដល់ ៤៤ពាន់លាន ដុល្លារអាមេរិច និងមានបុគ្គលិកប្រមាណជិត ១,៥០០នាក់ទូទាំង ពិភពលោក។ កាលពីឆ្នាំ២០១៤ ស្វាមីភរិយាកំពូលអ្នកមានបំផុតនិងមានចិត្តសប្បុរសនេះ បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យមើលគម្រោងសុខភាព​ដែលទទួលមូលនិធីរបស់ពួកគេ។

ខាងក្រោមនេះ គឺជាទស្សនទានខ្លះៗរបស់លោក មេលីនដា ហ្គេតស៍ ដែលយើងបានដកស្រង់ពីសៀវភៅ «មនុស្ស១០០គំនិត១០០០»៖​

១.        គោលដៅគ្រាន់តែជា បំណងប្រាថ្នា ប្រសិនបើគ្មានសកម្មភាព។

២.        មនុស្សធម៌ មិនមែននិយាយតែអំពីលុយនោះទេ។ មនុស្សធម៌ និយាយអំពីការប្រើប្រាស់ធនធានដែលអ្នកមាន ដើម្បីធ្វើឲ្យ ពិភពលោកប្រសើរឡើង។

៣.        បើអ្នកចង់ឃើញរឿងកើតឡើងកម្រិតសកល អ្នកត្រូវតែចាប់​ផ្តើម​ធ្វើពីកម្រិតមូលដ្ឋាន (ភូមិ)។ ត្រូវផ្តល់ឲ្យស្រ្តីនូវឧបករណ៍ និងការអប់រំ ហើយពួកគេនឹងចាប់ផ្តើមដើម្បីផ្លាស់ប្តូរ។

៤.        ស្រ្តី និងក្មេងស្រី គួរតែមានលទ្ធផលដើម្បីកំណត់អនាគតដោយ ខ្លួនឯង ទោះបីជាពួកគេកើតនៅទីណាក៏ដោយ។

៥.        ស្រ្តីគ្រប់រូប និងគ្រប់ទីកន្លែង មានក្តីសង្ឃឹមដូចគ្នា គឺពួកគេចង់ គ្រប់គ្រងខ្លួនឯង និងអាចបង្កើតនូវជីវិតរស់នៅដ៏ប្រសើរបំផុត សម្រាប់ខ្លួនគេ និងមនុស្សជាទីស្រលាញ់របស់ពួកគេ។

៦.        យើងជឿជាក់ថា៖ យើងអាចរួមគ្នា ដើម្បីធ្វើឲ្យពិភពលោក ក្លាយជាកន្លែងមួយប្រកដដោយសមធម៌បាន។

ដកស្រង់ពីសៀវភៅ៖ មនុស្ស១០០ គំនិត១០០០ (ដោយ ឈុំ សីហា)

សៀវភៅ “មនុស្ស១០០ គំនិត១០០០” ដែលប្រមូលផ្តុំដោយ គំនិតនិងទស្សនៈល្អចំនួន១០០០ របស់បុគ្គលល្បីល្បាញ១០០រូប