មេរៀនដ៏អស្ចារ្យ និងឈឺចាប់បំផុតមួយ ដែលយើងគួររៀនពី «សត្វឥន្ទ្រី»

សត្វឥន្ទ្រីអាចរស់នៅបានរហូតដល់៧០ឆ្នាំ ប៉ុន្តែដើម្បីអាចរស់នៅបានដល់អាយុនេះ សត្វឥន្ទ្រី ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុត។  នៅអាយុ៤០ឆ្នាំ ក្រញ៉ាំដ៏វែង និងមុតស្រួចរបស់វា មិនអាចចាប់ចំណីបានទៀតឡើយ។ ចំណែកចំពុះវែង និងមុតស្រួច ចាប់ផ្តើមកោងកាន់តែខ្លាំង ដែលពិបាកក្នុងការចឹកចំណីដែរ។ លើសពីនេះ ស្លាបទាំងគូររបស់វាវិញ ក៏កាន់តែក្រាស់ធ្ងន់ ពិបាកហោះហើរ។ ប្រឈមនឹងបញ្ហានេះ សត្វឥន្ទ្រី មានជម្រើសតែពីរប៉ុណ្ណោះ។

ទី១ គឺបណ្តោយតាមយថាកម្មរហូតដល់ស្លាប់ និងទី២ ត្រូវទទួលយកការឈឺចាប់ ដោយ «ការផ្លាស់ប្តូរ» ដើម្បីបន្តជីវិតទៀត។ ឥន្ទ្រីបានជ្រើសរើសយកជម្រើសទី២ គឺជម្រើសនៃដំណើរការដ៏ឈឺចាប់បំផុត ដើម្បីការផ្លាស់ប្តូរ។ សត្វឥន្ទ្រីត្រូវតែផ្លាស់ប្តូរសំបុកថ្មី ទៅកាន់កំពូលភ្នំខ្ពស់បំផុតមួយ។ វាត្រូវយកចំពុះវាយនឹងរបស់រឹងរហូតដល់បាក់របូតចេញអស់ រង់ចាំរហូតដល់ចំពុះថ្មីដុះចេញ ហើយវាក៏បន្តបង្ខំដកក្រញ៉ាំចេញ ដើម្បីឲ្យវាដុះថ្មីដែរ។ លើសពីនេះ សត្វឥន្ទ្រីត្រូវបន្តការឈឺចាប់ទៀត ដោយត្រូវបន្តជម្រុះរោមចាស់ៗ និងក្រាស់ៗចោល ដើម្បីទទួលបានរោមថ្មី។ ក្រោយបញ្ចប់ដំណាក់កាលដ៏ឈឺចាប់ទាំងនេះហើយ សត្វឥន្ទ្រី អាចចាប់ផ្តើមជីវិតជាថ្មី ហើយបន្តរស់នៅបាន៣០ឆ្នាំទៀត។

មិនខុសពីសត្វឥន្ទ្រីឡើយ យើងត្រូវតែហ៊ានប្រឈមនឹងស្ថានភាពដ៏លំបាកទាំងឡាយ ដែលទាមទារឲ្យយើងត្រូវតែហ៊ានផ្លាស់ប្តូរខ្លួនឯង ដើម្បីឲ្យយើងកាន់តែស្គាល់ខ្លួនឯងច្បាស់ ក្រោយប្រឈមនឹងឧបសគ្គទាំងនោះ។ “ប្រសិនបើយើងផ្លាស់ប្តូរ វិធីគិត នោះយើង​ប្រាកដ​ជា​អាចផ្លាស់ប្តូររបៀបរស់នៅរបស់យើងជាមិនខាន”។ ដូចជាសត្វឥន្ទ្រី ដែលត្រូវការភាពរឹងមាំ ហ៊ានសម្រេចចិត្ត និងមិនខ្លាចក្នុង​ការ​ផ្លាស់ប្តូរ។ បន្ថែមពីនេះ យើងក៏ត្រូវតែហ៊ានធ្វើដូចសត្វឥន្ទ្រី ដែលត្រូវហោះហើរយ៉ាងខ្ពស់ ដោយត្រូវប្រឈមនឹងការលំបាក ដែលក្លាយជាឱកាស ដើម្បីក្លាយជាបុគ្គលមួយដ៏ល្អប្រសើរ។

រក្សាសិទ្ធិដោយ៖ ហាតប៊ុក (heartbook)

សៀវភៅ «ការលើកទឹកចិត្តនិងអភិវឌ្ឍន៍ខ្លួនឯង»