តើអ្វីជាប្រព័ន្ធនយោបាយ «ប្រជាធិបតេយ្យ» និងមានទម្រង់ដូចម្តេច?

ពេលនិយាយអំពី «ប្រព័ន្ធនយោបាយ» វាប្រហែលជាពិបាកបន្តិចក្នុងការកំណត់ថា ប្រទេសណា​មួយ​កំពុងប្រើប្រាស់ ឬស្ថិតនៅក្នុងប្រព័ន្ធនយោបាយណាមួយ ត្បិតអីប្រព័ន្ធខ្លះមានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ឬមានឬសគល់ជាមួយគ្នា។ ប្រទេសខ្លះស្ថិតនៅក្រោមឆ័ត្រប្រជាធិបតេយ្យ ប៉ុន្តែរូបភាព​ពិត ជា​របៀបប្រព័ន្ធផ្តាច់ការក៏មាន។ តើអ្វីជាប្រព័ន្ធនយោបាយប្រជាធិបតេយ្យ ហើយវាមានទម្រង់យ៉ាងដូចម្តេច?

ប្រព័ន្ធនយោបាយនេះ ពេញនិយមបំផុតក្នុងពិភពលោក ដែលមានប្រទេសជាច្រើនប្រកាន់យក។ ប្រព័ន្ធនយោបាយដែលយកប្រជាជនជាធំ ដោយពោល គឺពាក្យថា​ ​«ប្រជាធិបតេយ្យ» ​ដោយមកពីពាក្យថា «ប្រជា» ដែលមានន័យថាប្រជាជន និងពាក្យថា «ធិបតេយ្យ» មានន័យថាអំណាច ឬភាពធំ។  ជាទូទៅប្រព័ន្ធប្រជាធិបតេយ្យត្រូវបានចែកចេញជាពីរធំៗ គឺ ប្រជាធិបតេយ្យដោយផ្ទាល់ «Directive Democracy» និង ប្រជាធិបតេយ្យដោយតំណាង «Representative Democracy»។

-ប្រជាធិបតេយ្យដោយផ្ទាល់៖ មានន័យថា​ ប្រជាជនមានសិទ្ធិសេរីភាពស្មើៗគ្នាទាំងក្នុងការរស់នៅ និងការចូលរួមក្នុងនយោបាយ​។ ប្រជាពលរដ្ឋអាចចូលរួមក្នុងកិច្ចការប្រជុំ និងចូលរួមក្នុងដំណើរការរបស់រដ្ឋាភិបាល និងការ​បង្កើត និងអនុម័តច្បាប់ ដោយផ្ទាល់តែម្តង។ កាលពីសម័យដើម បញ្ញវន្តជាច្រើនរូបត្រូវបានអនុញ្ញាត ឲ្យចូលរួមក្នុងកិច្ចការរបស់ក្រុងអាតែន ប្រទេសក្រិចបូរាណ ហើយនេះគឺជាឧទាហរណ៍មួយ នៃប្រព័ន្ធនយោបាយ​ប្រជាធិបតេយ្យ​ផ្ទាល់។ សព្វថ្ងៃប្រជាធិបតេយ្យដោយផ្ទាល់​ មិនឃើញមានវត្តមាន នៅលើប្រទេសនានាឡើយ ​តែឃើញ​មានប្រើនៅក្នុង​សង្គមតូចៗ​ ដូចជា​ សមាគម សហគមន៍​ ឬអង្គការនានាប៉ុណ្ណោះ។

-ប្រជាធិបតេយ្យដោយតំណាង៖ មានន័យថា​​ ពលរដ្ឋជ្រើសរើសតំណាង ដែលខ្លួនយល់ឃើញថា​ មានសមត្ថភាពដើម្បីដឹកនាំរដ្ឋ​ ដោយការបោះឆ្នោត។ ​ប្រជាធិបតេយ្យបែបនេះ​ ​គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គល ដែលមានសុឆន្ទៈ​ មានសុទិដ្ឋិនិយម ​មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព​​ កម្មសិទ្ធិឯកជនផងដែរ។ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យតំណាងនេះ ត្រូវបានអនុវត្តន៍ពាសពេញពិភពលោក ហើយវាមានលក្ខណៈសំគាល់ជាច្រើនដូចជា៖ មានបក្សនយោបាយច្រើន (ពហុបក្ស), មានការបោះឆ្នោតដោយសេរីភាព និងត្រឹមត្រូវ, មានការកំណត់អាណត្តិ, គោរពសម្លេងភាគច្រើន, មានការបែងចែកអំណាច (បញ្ញត្តិ ប្រតិបត្តិ និងតុលាការ), ជ្រើសរើសបុគ្គលម្នាក់ក្នុងបក្សដែលឈ្នះឆ្នោតឲ្យកាន់អំណាច និងមានការគាំទ្រឲ្យអនុវត្តន៍ទីផ្សារសេរី ជាដើម។

រក្សាសិទ្ធិដោយ៖ ហាតប៊ុក

សៀវភៅ “ចំណេះដឹងសកល ភាគ១”