១០ ហេតុផលដែលមិនគួរឲ្យកុមារលេងទូរស័ព្ទ Smart Phone

នៅតាមភោជនីយដ្ឋាន ផ្សារទំនើប កន្លែងកំសាន្ត ឬទីសាធារណៈមួយចំនួន លោកអ្នកប្រហែលជាឃើញថា ក្មេងៗតូចកាន់តែច្រើន ឡើងដែលកំពុងលេងទូរស័ព្ទដៃទំនើប (Smart Phone) ឬ Tablet ជាដើម។ យោងតាមការសិក្សាស្រាវជ្រាវថ្មីៗ បានបង្ហាញថា មានផលប៉ះពាល់ជាច្រើនដល់ក្មេងៗទាំងនោះ ពិសេសក្មេងៗតូចៗដែលមានអាយុកាន់តែតិច។ ខា​ងក្រោម គឺជាមូលហេតុ១០ ដែលកើតឡើងពីផលប៉ះពាល់ នៃការបណ្តោយឲ្យក្មេងតូចៗ លេង ឬញៀននឹងឧបករណ៍ទាំងនោះ។

១. ផ្តាច់ទំនាក់ទំនងរវាងកូន និងឪពុកម្តាយ៖ កុមារដែលមានអាយុពី០ ដល់២ឆ្នាំ ខួរក្បាលមានការលូតលាស់ខ្លាំងបំផុត។ ពួកគេកំពុងរៀន និងចាប់យកសម្លេង ការថ្នាក់ថ្នម ពិសេសសកម្មភាពរបស់ឪពុកម្តាយ ដើម្បីជួយឲ្យមានការវិវត្តន៍ផ្នែកខួរក្បាលរបស់គេ។ លើសពីនេះ សម្លេង ការថ្នាក់ថ្នម និងសកម្មភាពលេង គឺបង្កើតឲ្យមានទំនាក់ទំនងយ៉ាងល្អរវាងកូន និងឪពុកម្តាយ។ ប៉ុន្តែក្មេងដែលលេងជាមួយឧបករណ៍ទាំងនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយឪពុកម្តាយរបស់គេ និងធ្វើឲ្យគេផ្តាច់ការផ្តោតអារម្មណ៍ លើអ្វីដែលឪពុកម្តាយ ពិសេសសង្គមខាងក្រៅបានធ្វើ។

២. ក្លាយជាការ «ញៀនដំបូង» របស់គេ៖ កាលណាការលេងនេះក្លាយទៅជាការញៀន ហើយពិតជាពិបាកក្នុងការទាញ ឬកែប្រែខ្លាំងណាស់។ ញៀនក្នុងការអានសៀវភៅ ឬញៀនក្នុងសកម្មភាពល្អមួយចំនួន គឺជះផលវិជ្ជមានយ៉ាងច្រើនដល់ក្មេង ប៉ុន្តែញៀននឹងឧបករណ៍ទាំងនេះ មិនមានផលល្អឡើយ។

៣. ធ្វើឲ្យកុមារឆាប់ឆេវឆាវ និងមួរម៉ៅ៖ អារម្មណ៍មិនល្អនឹងកើតឡើងចំពោះក្មេងៗដែលញៀននឹងឧបករណ៍ទាំងនេះ។ ពេលអ្នកយករបស់នោះចេញពីវា ក្មេងៗទាំងនោះនឹងស្រែកយំ ឬបង្កជាហិង្សាទៀតផង។

៤. ប៉ះពាល់ដល់ការគេងរបស់ក្មេង៖ ក្មេងដែលរវល់តែលេងទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ គេនឹងមិនខ្វល់ពីការគេងឡើយ។​ ម្យ៉ាងវិញទៀត ក្មេងៗដែលឆ្លក់វង្វេងជាមួយឧបករណ៍ទាំងនោះ មិនងាយងងុយគេងដូចក្មេងធម្មតាឡើយ ពិសេសក្មេងៗដែលលេងមុនពេលចូលគេង។ តាមការស្រាវជ្រាវមួយបានបង្ហាញថា ៦០ភាគរយនៃឪពុកម្តាយមិនដែលណែនាំទៅកូនៗរបស់គាត់ឡើយអំពីការប្រើប្រាស់ ហើយ៧៥ភាគរយ នៃក្មេងៗ ត្រូវបានអនុញ្ញាតឲ្យមានឧបករណ៍ទាំងអស់នោះក្នុងបន្ទប់គេង។

៥. ប៉ះពាល់ដល់សមត្ថភាពនៃការសិក្សារបស់ក្មេង៖ តាមការស្រាវជ្រាវ ទូរស័ព្ទដៃទំនើប ឬ Tablet ធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការសិក្សារបស់ក្មេងៗ ពិសេសវា រំខានដល់ការផ្តោតអារម្មណ៍របស់ពួកគេ។ ឧបករណ៍​ទាំងនេះ ក៏បានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពផ្នែកដៃ ឬខួរក្បាលផងដែរ ជាហេតុធ្វើឲ្យក្មេងៗមិនសូវបញ្ចេញសកម្មភាព ឬការគិត ដែលទាំងអស់នេះនឹងប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ពួកគេ។

៦. ប៉ះពាល់ដល់សុខភាពខួរក្បាលរបស់ក្មេង៖ យោងតាមអ្នកជំនាញ ក្នុងចំណោមមូលហេតុចម្បងដែលធ្វើឲ្យក្មេងមានបញ្ហាផ្លូវចិត្ត និងលែងចង់ញ៉ាំអ្វី គឺដោយសារការលេងទូរស័ព្ទដែលមានភ្ជាប់ជាមួយអ៊ិនធឺណែត។ លើសពីនេះ ដោយសារតែអ្វីដែលពួកគេបានឃើញ ក្នុងទូរស័ព្ទ លើសពីអ្វីដែលពួកគេគួរដឹង វាអាចនាំនូវបញ្ហាខួរក្បាលធ្ងន់ធ្ងរ។

៧. អាចជាមូលហេតុប្រយោលដែលធ្វើឲ្យក្មេងឡើងទម្ងន់៖ ស្តាប់ដូចជាចំឡែកបន្តិច ប៉ុន្តែវាគឺជាមូលហេតុដ៏ប្រយោល ដែលអាចធ្វើឲ្យក្មេងឡើងទម្ងន់បាន។ នៅពេលក្មេងៗងុបងុលជាមួយទូរស័ព្ទ ពួកគេអាចភ្លេចខ្លួន ឬបណ្តែតបណ្តោយខ្លួនច្រើន ភ្លេចយកចិត្តទុកដាក់ចំពោះសុខភាព។

៨. មូលហេតុនៃបញ្ហាអាកប្បកិរិយា និងសង្គម៖ ការចំណាយពេលវេលាលើសពី ២ម៉ោងក្នុងមួយថ្ងៃ សម្រាប់ការលេងជាមួយទូរស័ព្ទ អាចធ្វើឲ្យក្មេងមានបញ្ហាអារម្មណ៍ និងទំនាក់ទំនងសង្គម។ តាមរយៈ កម្មវិធីផ្សេងៗក្នុងទូរស័ព្ទដៃ ដូចជា App មួយចំនួន អាចនាំទៅរកហានិភ័យខ្ពស់ ពិសេសកម្រិត​នៃការយកចិត្តទុកដាក់របស់ក្មេង។ លើសពីនេះ វាការអាចឈានទៅរក ការផ្តាច់ខ្លួនចេញពីសង្គម​មនុស្សទៀតផង។

៩. អាចនាំកុមារចូលចិត្តប្រើហិង្សា៖ តាមរយៈទូរស័ព្ទទំនើបៗ ក៏អាចនាំកុមារឲ្យចូលចិត្តហិង្សា តាមរយៈការលេងហ្គេមដែលកាប់ចាក់ ឬក្នុងរូបភាពហិង្សាមួយចំនួន។

១០. ឧបសគ្គដល់ការបង្កើតគំនិតថ្មីៗរបស់កុមារ៖ ទោះបី Smart Phone អាចជួយបង្កើនភាពឆ្លាតវៃ ប៉ុន្តែវាអាចបន្ថយ ភាពឆ្នៃប្រឌិតរបស់កុមារវិញ ត្បិតកម្មវិធីត្រូវបានបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ធ្វើឲ្យពួកគេខ្វះជំនាញស្រមើលស្រមៃ។

មាតាបិតា និងអាណាព្យាបាលគ្រប់រូប ត្រូវតែយកចិត្តទុកដាក់បំផុតសម្រាប់គ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទទំនើបរបស់កូនៗ ពិសេសក្មេងតូចៗ។ ការកំណត់ពេលវេលាត្រឹមត្រូវ និងក្នុងចំនួនតិចតួចមួយ ព្រមទាំងកម្មវិធីដែលមានប្រយោជន៍ផ្សេងៗ គឺជាអ្វីដែលយើងត្រូវប្រកាន់ឲ្យបាន ជាជាងគ្រាន់តែអាចស្រួលខ្លួន ឬអាចងាយស្រួលក្រោយប្រគល់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចណាមួយឲ្យកូនលេងនោះ៕

ប្រែសម្រួលដោយ៖ រិទ្ធ សីហបុត្រ

ប្រភព៖ Lifehack.org

សៀវភៅ “ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង” របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក