អ្វីជាគោលបំណងរបស់ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល?

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៤រោច ខែ ពិសាខ។ ព្រះរាជពិធីបុណ្យនេះ ត្រូវបានបង្កើត និងបន្តប្រតិបត្តិ ដោយមានបំណងជាច្រើនដូចជា៖

  • ប្រកាសប្រាប់ប្រជាកសិករយើងថា ដល់ពេលវេលាដែល​ត្រូវចាប់​ផ្តើម​ធ្វើស្រែចំការ ព្រោះជាពេលដែលភ្លៀងដើមឆ្នាំចាប់​ផ្តើមធ្លាក់​ជោគជាំ ។
  • បន់ស្រន់អង្វរដល់ទេវតាដែលរក្សាទឹកដី ដើម្បីបង្អុរទឹកភ្លៀង​សម្រាប់​ការដាំដំណាំ មានន័យថាសុំទឹកភ្លៀងពីទេវតា ដោយសារ​តែ​ខ្មែរយើងមានជំនឿលើទំនាក់ទំនងរវាងទេវៈ និងខ្លួន។
  • ដាស់ដល់ព្រះធរណីឱ្យជួយថែរក្សា និងបង្កើនផលដំណាំដល់​ប្រជាកសិករ  អាចមានន័យថាជាការរំលឹកដល់គុណ​ព្រះធរណី​ដែលបានផ្តល់នូវការលូតលាស់សម្រាប់ដំណាំគ្រប់ប្រភេទ ។
  • បង្ហាញពីរបបគំហើញថ្មីលើការអភិវឌ្ឍវិស័យកសិកម្ម របស់បុព្វ​បុរស​ខ្មែរយើង ដែលមានភាពឈ្លាសវៃដោយបាន​ផ្លាស់ប្តូរទំលាប់​ពីការដាំដុះដោយបុកដាំ មកជាការភ្ជួររាស់វិញ ។

ដកស្រង់ពីសៀវភៅ៖ កម្រងសំណួរ-ចម្លើយវិញ្ញាសាវប្បធម៌ទូទៅ (ឈុំ កក្កដា)