រួមដំណើរជាមួយគ្នា

លេខកូដសៀវភៅ៖ HBC-0083
ប្រែសម្រួល/រៀបរៀងដោយ ក្រុមការងារអ្នករៀបរៀងហាតប៊ុក
ISBN 978-9924-539-70-4
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ April 07, 2021
បោះពុម្ពលើកទី 1
ទំព័រ 263
តម្លៃ 24,000 ៛
រួមដំណើរជាមួយគ្នា គឺជាស្នាដៃសហនិពន្ធដោយក្រុមអ្នកសរសេររបស់ហាតប៊ុកដែលមានសមាជិករហូតដល់ទៅ៣២នាក់​។ សៀវភៅនេះគឺជាបណ្ដុំនៃអត្ថបទខ្លីៗដែលភាគច្រើនធ្លាប់បានចុះផ្សាយម្ដងរួចទៅហើយនៅលើទំព័រហ្វេសប៊ុករបស់ហាតប៊ុក (HeartBookCambodia)។ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់សៀវភៅមួយចំណងជើងនេះ គឺយើងបានរៀបចំចងក្រងអត្ថបទទាំងនោះឡើងវិញទៅតាមចំពូកនិងមានគោលបំណងច្បាស់លាស់មួយ នោះគឺការផ្ដល់ទៅឱ្យបងប្អូនអ្នកអាននូវដើមទុនគំនិតសម្រាប់ធ្វើដំណើរនៅលើផ្លូវជីវិតរបស់ខ្លួន។ អាស្រ័យហេតុនេះ ទើបយើងសម្រេចជ្រើស​យកពាក្យ “ដំណើរ” ដែលសរសេរជាភាសាអង់គ្លេសថា “PASSAGE” ធ្វើជាពាក្យគន្លឹះសំខាន់នៅក្នុងសៀវភៅមួយនេះ។

ក្នុងនោះ យើងបានបែងចែកអត្ថបទទាំងអស់ទៅជា៧ចំពូក ដោយផ្អែកទៅលើតួអក្សរទាំង៧នៃពាក្យ PASSAGE ដែលរួមមាន៖

P: Possibility ៖ អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចទៅរួច

A: Awareness ៖ ការភ្ញាក់រឭក

S: Self-worth ៖ តម្លៃផ្ទាល់ខ្លួន

S: Success ៖ ភាពជោគជ័យ

A: Adoration ៖ សេចក្ដីស្រឡាញ់

G: Gender ៖ ការលើកកម្ពស់យេនឌ័រ

E: Education ៖ ការអប់រំ

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពាក្យទាំង៧ដែលត្រូវបានបំបែកចេញពីពាក្យដើម “PASSAGE” នេះ មិនមែនជាការបំបែកដោយចៃដន្យឬគ្រាន់តែដើម្បីបំពេញចំនួនចំពូកប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ចំណុចទាំង៧នេះសុទ្ធសឹងតែជាលក្ខណសម្បត្តិសំខាន់ៗដែលមនុស្សយើងគ្រប់រូបត្រូវការដើម្បីធ្វើដំណើរនៅលើផ្លូវជីវិតរបស់ខ្លួន។ ត្រង់ចំណុចនេះ យើងខ្ញុំក៏សូមបញ្ជាក់ផងដែរថា ផ្លូវជីវិត គឺជាកម្មសិទ្ធិរបស់មនុស្សយើងម្នាក់ៗដោយផ្ទាល់ ដូច្នេះ តួនាទីនៃសៀវភៅមួយនេះមិនមែនជាការត្រួសត្រាយផ្លូវដើរសម្រាប់នរណាម្នាក់ឡើយ ប៉ុន្តែវាគឺជាមគ្គទេសក៍ណែនាំដែលនឹងបង្ហាត់បង្ហាញឱ្យបងប្អូនដឹងថា តើយើងគួរយកអ្វីទៅជាមួយខ្លះនៅក្នុងដំណើរជីវិតរបស់ខ្លួន។ ដូច្នេះ ដំណើររួមគ្នារបស់យើងនៅក្នុងសៀវភៅមួយនេះ គឺជាការជូនបងប្អូនអ្នកអានឱ្យស្គាល់ផ្លូវដើរសម្រាប់ជីវិតរបស់ខ្លួន ហើយការដើរបន្តទៅមុខយ៉ាងណានោះ គឺជាតួនាទីរបស់បងប្អូនគ្រប់​ៗ​រូបដោយផ្ទាល់។

លក្ខណៈពិសេសមួយផ្សេងទៀតរបស់សៀវភៅ រួមដំណើរជាមួយគ្នា គឺជាការដាក់អមខ្លឹមសារនៃអត្ថបទនីមួយៗទៅដោយរូបគំនូរនិងទស្សនៈខ្លីៗមួយចំនួន ដែលសិល្បៈមួយនេះនឹងធ្វើឱ្យបងប្អូនកាន់តែមានអារម្មណ៍រីករាយជាងមុនក្នុងការអានសៀវភៅមួយចំណងជើងនេះដោយមិនធុញទ្រាន់ ព្រមទាំងឆាប់ចាប់បាននូវខ្លឹមសាររបស់វាថែមទៀតផង។