តំណក់ទស្សនៈ

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 978-9924-539-31-5
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ August 22, 2020
បោះពុម្ពលើកទី 1
ទំព័រ 321
តម្លៃ 30,000 ៛
លេខកូដសៀវភៅ HBC-046
«តំណក់ទស្សនៈ» គឺជាកម្រងទស្សនៈនិងការយល់ឃើញរបស់ខ្ញុំ ​ដែលអាចចាត់ទុកជារបស់តិចតួចស្តួចស្តើងបំផុត។ ខ្ញុំ​បាន​ប្រើប្រាស់ពាក្យថា “តំណក់” ដ្បិតវាគ្រាន់តែជាទស្សនៈតូចបំផុតមួយចំនួន ក្នុង​ចំណោមទស្សនៈដ៏ធំទូលំទូលាយរបស់​មនុស្សរាប់ពាន់លាននាក់ ដែលមានជីវិតក្នុងលោកិយរាប់ជំនាន់មកហើយនោះ ដែលមិនខុសពីតំណក់ទឹក​មួយតក់​​ក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយនោះទេ។

សៀវភៅមួយក្បាលនេះកើតឡើង មិនមែន​ដោយ​សារហេតុផលដ៏អស្ចារ្យ ឬដើម្បីធ្វើរឿងដ៏អស្ចារ្យណាមួយនោះឡើយ។ វាគ្រាន់តែជារឿងគួរធ្វើ ដើម្បីផ្តល់ឱកាសឱ្យខ្ញុំអាចចែករំលែកការយល់ឃើញដ៏តិចតួចរបស់ខ្លួន​ដល់​ប្រិយមិត្តអ្នកអានប៉ុណ្ណោះ។ វាគ្រាន់តែជាទស្សនៈនិងការយល់ឃើញ​ចំពោះរឿងមួយចំនួនដែលជាចំណែកក្នុងជីវិតដូចជា ការកសាងខ្លួនឯង ចំណែកនៃគ្រួសារ ការដឹកនាំ និងសង្គមជាតិ​យើងជាដើម។ ទស្សនៈភាគច្រើនដែល​មាន​វត្តមានក្នុងសៀវភៅមួយក្បាលនេះ ត្រូវបានដកស្រង់ស្ទើរតែទាំង​ស្រុងពីក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលខ្ញុំធ្លាប់បានផ្សព្វផ្សាយកន្លងមក ហើយត្រូវបានបញ្ចេញបញ្ចូល​ ព្រម​​​ទាំង​ទទួលបានការពិនិត្យនិងកែសម្រួល ដោយបុគ្គលប៉ុន្មានរូប​ទៀត​តែប៉ុណ្ណោះ។

កម្រងទស្សនៈដ៏សាមញ្ញនិងមានលក្ខណៈមិនស៊ីជម្រៅបែបនេះ ទំនងជាអាចក្លាយជារឿងធុញទ្រាន់សម្រាប់បងប្អូនដែលចូលចិត្តពិចារណានិងមានគំនិតជ្រៅជ្រះ ប៉ុន្តែទោះបីយ៉ាងណា អ្វីដែលជាបំណងពិតប្រាកដរបស់ខ្ញុំមិនមែននិយាយអំពីរឿងសាមញ្ញឬអស្ចារ្យ​ជ្រៅឬរាក់ អ្នកចេះឬអ្នកមិនទាន់ចេះ ឬទម្រង់នៃការបែងចែកផ្សេងៗនោះទេ។ បំណង​​​​ពិតមួយ គឺមានក្តីសង្ឃឹមថាសមិទ្ធផលនេះអាចក្លាយជាគំរូដ៏សាមញ្ញមួយ​ ដើម្បីជួយជំរុញ​លើកទឹកចិត្តឱ្យបងប្អូនអាច​ចាប់​​ផ្តើម​ចែក​រំលែក​នូវទស្សនៈនិងការយល់ឃើញរបស់ខ្លួនទៅកាន់អ្នកដទៃ​ ទោះក្នុងរូបភាពណាមួយក្តី។ ហេតុផលមួយទៀត ដោយសារខ្ញុំយល់ថា “គ្មានទស្សនៈឬការយល់ឃើញ​ណាដែលខុសនោះទេ វាអាចគ្រាន់តែមិនទាន់ត្រឹមត្រូវឬបានការ ស្រប​តាមស្ថានភាពណាមួយប៉ុណ្ណោះ​” ។ ប៉ុន្តែអ្នកដែលព្យាយាម​លាក់ទុក​ទស្សនៈនិងមិនបង្ហាញ​នូវការ​យល់ឃើញរបស់ខ្លួនក្នុងកាលៈ​ទេសៈ​​ដ៏ចាំបាច់ទេតើ ដែល​ជាបុគ្គលដែលមានកំហុសនោះ។

ស្របពេលដែលប្រជាជនយើងកំពុងត្រូវការ​ចំណេះដឹង​ជា​ច្រើននិងសម្បូរបែប ទាំងពួកគាត់កំពុងត្រូវ​បានបំពុលដោយ​រឿងឥតប្រយោជន៍​ជា​ច្រើ​ន​​​ស្ទើរ​​រាល់វិនាទី ប៉ុន្តែអ្នកដែលមានលទ្ធភាពនិងសមត្ថភាពក្នុង​ការ​ផ្តល់​នូ​វ​ចំណេះ​​ដឹង​​និង​ទស្សនៈ​ល្អៗ បែរជាបន្តនៅស្ងៀមនិងធ្វើព្រងើយ ដោយ​បណ្តោយ​ឱ្យ​ពួក​គាត់​​​​ទទួលរបស់​​មិនល្អទាំងនោះ តើអាចចាត់ទុកជា​កំហុសឆ្គង​ឬទេ? ត្រង់ចំណុចនេះ ​មិនមែនដោយសារតែខ្ញុំខ្លាចត្រូវបាន​គេចាត់ទុកជាកំហុសឆ្គង ទើបរៀបរៀង​សៀវ​ភៅ​នេះឡើង​នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់បំពេញតាមការយល់ឃើញដ៏សាមញ្ញមួយរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំយល់ថា  “សង្គម​មួយដែលពោរពេញដោយប្រជាជនដែលមិនសូវចេះដឹង មិនមែនដោយ​សារ​ពួកគេមិនសូវសង្វាតរៀនសូត្រនោះទេ ប៉ុន្តែ​ដោយ​សារ​អ្នកចេះដឹងមិនសង្វាតចែករំលែកចំណេះដឹងទាំងនោះតែប៉ុណ្ណោះ” ។