ចំណេះសង្គម

លេខកូដសៀវភៅ៖ HBC-0085
ប្រែសម្រួល/រៀបរៀងដោយ ជិន មុនីចិត្រា
ISBN 978-9924-539-71-1
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ May 05, 2021
បោះពុម្ពលើកទី 1
ទំព័រ 202
តម្លៃ 22,000 ៛
ខ្ញុំបាទ ជិន មុនីចិត្រា សូមអភ័យទោសទុកជាមុននូវរាល់កំហុសដែលកើតពីការតាក់តែងនិពន្ធសៀវភៅនេះឡើងដែលមានចំណងជើងថា "ចំណេះសង្គម"​ ដែលជាប្រភេទស្នាដៃបណ្ដុំដោយចំណេះដឹងជាទស្សនៈសង្គមទូទៅមួយចំនួនតូចរួមទាំងអត្ថបទកំណាព្យផងដែរ។ ដូចអ្វីដែលខ្ញុំបាទបានលើកឡើងអម្បាញ់មិញនេះប្រសិនបើមានកំហុសខុសឆ្គងឬមានការលើសលស់ខ្វះខាតបទបាទ អក្ខរៈ ព្យញ្ជនៈ បាលី ត្រង់ចំណុចណាមួយនោះ សូមប្រិយមិត្ត
អ្នកអាន អ្នកស្តាប់ទាំងអស់មេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទផង ពីព្រោះថានេះជាលើកដំបូងហើយ ដែលខ្ញុំបានផ្សព្វផ្សាយស្នាដៃនិពន្ធរបស់ខ្លួនតាមរយៈគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក (heartbookcambodia)។

តាមពិតទៅ ខ្ញុំចេះសរសេរសៀវភៅនិងតែងកំណាព្យតាំងពីឆ្នាំ២០០០ មកម៉្លេះ តែការនិពន្ធរបស់ខ្ញុំនៅពេលនោះនៅមានកម្រិតនៅឡើយ នេះគឺមានន័យថាមិនសូវជាមានទឹកដមនិងអត្ថរសប៉ុន្មានទេ ពីព្រោះថាកាលណោះខ្ញុំក៏នៅមាន​ចំណេះដឹងតិចតួចឬអាចនិយាយបានថានៅខ្ចីបញ្ញាផងដែរ។ ដំបូងឡើយ ខ្ញុំគ្រាន់តែសរសេរទុកមើលខ្លួនឯង សម្រាប់បំបាត់ការអផ្សុក ហើយមួយទៀតនោះថា ទុកសម្រាប់អានឱ្យប្រពន្ធកូនស្តាប់តែប៉ុណ្ណោះ មិនដែលនឹកគិតថាធ្វើជាអ្វីឱ្យលើសពីនេះនោះឡើយ។

លុះដល់ឆ្នាំ២០២១ នេះ មិត្តភក្តិរបស់ខ្ញុំមួយចំនួន គេបានអាន បានស្តាប់ បានដឹង និងបានឃើញនូវស្នាដៃនិពន្ធសៀវភៅនិងអត្ថបទកំណាព្យផ្សេងៗរបស់ខ្ញុំ ពួកគេក៏និយាយថាជាស្នាដៃមួយល្អណាស់ មិនចាញ់ស្នាដៃកវីជើងចាស់ឬកវីបច្ចុប្បន្ននេះប៉ុន្មានទេ ហើយគេទាំងអស់គ្នានោះថែមទាំងបានជំរុញឱ្យខ្ញុំឱ្យបញ្ចេញស្នាដៃនេះទៅលើទីផ្សារ ដើម្បីឱ្យប្រិយមិត្តអ្នកអាន អ្នកស្តាប់ និងកុលបុត្រខ្មែរជំនាន់ក្រោយឃើញផង។ យ៉ាងណាមិញ ខ្ញុំគិតថា ក្រែងវាមិនសក្តិសមទេដឹង តែពួកគេក៏នៅតែបន្តជំរុញបន្ថែមទៀត ពីព្រោះគេនិយាយថា៖ ចង់ឃើញសៀវភៅនិងអត្ថបទកំណាព្យរបស់ខ្ញុំចេញផ្សាយនៅលើទីផ្សារ ទើបខ្ញុំសម្រេចចិត្តថានឹងផ្សព្វផ្សាយសៀវភៅនិងអត្ថបទកំណាព្យនេះតែម្ដងទៅ។ ហើយមិនតែប៉ុណ្ណោះសោត ពួកគេក៏បានផ្តល់មតិយ៉ាងនេះ យ៉ាងនោះ តាមដែលពួកបានយល់ឃើញរៀងៗខ្លួន។ ដូច្នេះហើយ ធ្វើឱ្យខ្ញុំកាន់តែមានកម្លាំងកាយចិត្ត ខិតខំនិពន្ធ ជារៀងរហូតមកដល់សព្វនេះឯង។ តាំងពីពេលនោះមក ខ្ញុំតែងតែប្រាប់ចិត្តខ្លួនឯងគ្រប់ពេលវេលាថា៖ "ការឧស្សាហ៍ព្យាយាម ការតស៊ូ ការប្រឹងប្រែងគង់តែបានសម្រេចមិនខានឡើយ"។ ការឧស្សាហ៍ព្យាយាម ការតស៊ូ និងការប្រឹងប្រែង វាមិនឥតប្រយោជន៍នោះទេ ក៏គង់តែផ្តល់លទ្ធផលវិជ្ជមាននៅថ្ងៃណាមួយមិនខានឡើយ​។